ព័ត៌មានទាន់ហេតុការណ៍៖

ក្តីសង្ឃឹម ក្នុងការស្វែងរកសន្តិភាពនៅយេមែន តាមរយៈកិច្ចចរចា

ចែករំលែក៖

វិបត្តិនៅក្នុងប្រទេសយេមែន បានបង្កឲ្យពលរដ្ឋស្លូតត្រងជាច្រើនរងគ្រោះ ធ្លាក់ក្នុងសភាពអត់ឃា្លន និងត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។នៅពេលនេះ ក្តីសង្ឃឹមក្នុងការស្វែងរកសន្តិភាព យេមែន ស្ថិតនៅលើកិច្ចពិភាក្សានៅក្នុងប្រទេស ស៊ី្វស ។

ក្រុមចរចាសន្តិភាពដើម្បីឈានដល់បញ្ចប់សង្គ្រាមនៅក្នុងប្រទេសយេមែននោះ បាននិងកំពុងដំណើរការនៅក្នុងប្រទេសស៊ី្វសហើយ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី ។

ប្រភពបន្តថា តាមការព្រមព្រៀងកាលពីសប្តាហ៍មុន ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គ្រាមយេមែន ដោយមានការសម្របសម្រួលពីភាគីអង្គការសហប្រជាជាតិនោះ បានព្រមព្រៀងចូលតុចរចាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមស៊ីវិល អូសបន្លាយពេលជិត៤ឆ្នាំ ។

តាមការជាក់ស្តែង សង្គ្រាមនេះបានបណ្តាលឲ្យមានវិបត្តិធ្ងន់ធ្ងរផ្នែកមនុស្សធម៌រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារក្នុងសមរភូមិ ហើយរុញច្រានឲ្យពលរដ្ឋរាប់លាននាក់រងគ្រោះអត់ឃ្លាន ។

នេះជាការចរចាសន្តិភាពជាថ្មីទៀត ចាប់តាំងពីឆ្នាំ២០១៦រហូតមក ។ ការចរចាដែលដួលរលំចុងក្រោយបំផុត គឺនៅខែកញ្ញា ឆ្នាំ២០១៨ នៅពេលដែលក្រុមឧទ្ទាម ហ៊ូធី (Houthi) មិនបង្ហាញខ្លួននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស ។

សង្គ្រាមយេមែនបានអូសបន្លាយពេល ធ្វើឲ្យពលរដ្ឋរងទុក្ខលំបាកជាបន្តបន្ទាប់រកអ្វីប្រៀបផ្ទើមពុំបាន ។ រដ្ឋាភិបាលយេមែនដែលគាំទ្រដោយលោកខាងលិច និងក្រុមឧទ្ទាមហ៊ូធី ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង បានប្រយុទ្ធគ្នាដើម្បីដណ្តើមស្វយ័តគ្រប់គ្រង ដោយមិនគិតពីផលលំបាករបស់ប្រជាពលរដ្ឋ ។

ជម្លោះបានផ្ទុះឡើងនៅដើមឆ្នាំ២០១៥ នៅពេលដែលក្រុមឧទ្ទាមហ៊ូធី បានដណ្តើមគ្រប់គ្រងភាគខាងលិចប្រទេស ហើយបានបង្ខំឲ្យប្រធានាធិបតី Abdrabbuh Mansour Hadi ភៀសខ្លួនទៅបរទេស ។

អង្គការសហប្រជាជាតិ ដោយមើលឃើញវិបត្តិដ៏លំបាកក្នុងការដោះស្រាយនេះ ទើបបានបង្កើតក្រុមសម្របសម្រួលមួយ ធ្វើការងារដើម្បីឆ្ពោះទៅរកការចរចាសន្តិភាព ឈានដល់ដល់បញ្ចប់សង្គ្រាមស៊ីវិលមួយនេះជាស្ថាពរនាពេលខាងមុខ ។

តួលេខរបស់ប៊ីប៊ីស៊ី ទាក់ទងជនរងគ្រោះយេមែនដែលបាត់បង់ជីវិតក្នុងសង្គ្រាមស៊ីវិលនេះបានកើនឡើងរហូតដល់៦៦៦០នាក់ និងជាង១០៥៦០នាក់រងរបួស ។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក កាលពីខែតុលា ឆ្នាំ២០១៨ បានចេញរបាយការណ៍ថា ករណីសង្ស័យគ្រុនចាញ់ប្រមាណ១០០០០ករណីបានផ្ទុះឡើង ដែលជាចំណុចមួយគួរឲ្យព្រួយបារម្ភបំផុត ៕ ម៉ែវ សាធី


ចែករំលែក៖