ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ទំនងស្រវឹងស្រារអិលជើងលង់ទឹកថ្លុក ស្លាប់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅក្នុងទឹកថ្លុកខាងមុខផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពភ្លាមៗ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបឹងភេ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលប្រទះឃើញស្លាប់មាន ឈ្មោះ ម៉ក់ អឿន អាយុ58ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

ប្រភពបន្តថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានករណីមនុស្សស្លាប់ក្នុងទឹកថ្លុកខាងមុខផ្ទះ ទើបសមត្ថកិច្ចស្រុកនគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសពជាច្រើនម៉ោង ហើយសន្នុដ្ឋានថា ពិតជាស្លាប់ដោយលង់ទឹកស្លាប់ប្រាកដមែន ដោយមិនមានស្លាកស្នាមជារឿងឃាតកម្មអ្វីនោះទេ ។

តាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីចំណាស់ខាងលើនេះ គឺជាមនុស្សស្រវឹងខួប ដោយផឹកស្រា ស្ទើររាល់ថ្ងៃ មិនដែលខានដោយមុនកើតហេតុ គេឃើញដើរមកពីផ្ទះអ្នកភូមិក្នុងអការស្រវឹងដើរ មិនត្រង់ផ្លូវ មកដល់ផ្ទះខណះអ្នកភូមិ មិនបានចាប់អារម្មណ៍នោះទេ ស្រាប់តែវេលាម៉ោង២រសៀល ស្រាប់តែមានការភ្ញាក់ផ្អើលថា មានមនុស្សស្លាប់ ទើបនាំគ្នាទៅមើល ទើបដឹងថា ស្ត្រីចំណាស់ស្លាប់បាត់ទៅហើយ ក្នុងទឹកថ្លុកខាងមុខផ្ទះ របស់ខ្លួន ទំនងស្រវឹងស្រាខ្លាំង ក៏រអិលជើងឈ្លក់ទឹកស្លាប់តែម្ដង ។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋានស្រុករមាសហែក ប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

 

 


ចែករំលែក៖