ភ្នំពេញ៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានរិះគន់ទៅលើលោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ ដែលចូលកាន់តំណែងអស់រយះពេល៣ខែមកហើយនេះថា មិនយកចិត្តទុកដាក់ នឹងករណីបង្ក្រាបល្បែងហ្គេមភ្នាល់បាល់តាមអ៊ីនធើណេតយីហោ២៤ម៉ោង និងកន្ទុយលេខ(ឆ្នោតវៀតណាម) រីកដូចផ្សិត កំពុងបង្អួតសម្រស់ដាក់ លោកអធិការរូបសង្ហារ ឬមួយទីតាំងទាំងអស់នោះ មានការបង់ប្រាក់ប្រចាំខែឲ្យលោកឬក៏យ៉ាងណានោះទេ ទើនមិនហ៊ានបង្ក្រាបបែបនេះ ? ឬក៏លោកអធិការរូបនេះផ្គើននិងអនុសាស្រ្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ខេត្ត ក្រុង រាជធានី លុបបំបាត់រាល់ល្បែងសុីសងទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ។
ជាការពិតណាស់! ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ:រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានលើកឡើងថាផ្ទះអុីនធើណេត២៤ម៉ោង ដែលជ្រកក្រោមយីហោអ៊ីនធើណេត24ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និងកន្ទុយលេខ(ឆ្នោតវៀតណាម)ទាំអស់នេះ កំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេង ទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនទៀត ដោយបើកលេងគគ្រឹកគគ្រេង គ្មានទេអ្នកបង្ក្រាបរហូតទាក់ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការសិក្សា បង្កឲ្យមានការក្តៅក្រហាយពីប្រជាពលរដ្ឋ នៅក្បែរខាង ដែលមានកូនចៅទៅចូលលេងល្បែងស៊ីសងទាំងនោះដោយពុំគិតពីការរៀនសូត្រ។
គួរបញ្ជាក់ផងដែរថា កន្លងមកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធឺណែតនានាណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់ ។ គម្រោងនៃការមានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែលកន្លែងបើកអុីនធឺណែតមួយចំនួនបានលួចបង្កប់ល្បែងសុីសងខុសច្បាប់ បំភ័ណ្ឌភ្នែកសមត្ថកិច្ច ។
ការមានវិធានការបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយកាលពីកន្លងមក ជាមួយអាជ្ញាធរខណ្ឌទាំង១២ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជាតំណាំងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ដើម នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងសុីសងតាមប្រព័ន្ធអនឡាញនេះ។
បច្ចុប្បន្នប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ៕ស តារា