ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូជ្រុលចង្កូតទៅបុកកង់របួសធ្ងន់ ស្រាល៣នាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុត រវាងរថយន្តបុកជាមួយម៉ូតូហើយជ្រុលចង្កូតទៅបុកអ្នកជិះកង់យ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា អ្នករងរបួស ដែលជិះម៉ូតូមានឈ្មោះ គួយសារ៉ូ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ យ៉ុន បូរី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរ រស់នៅភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

ចំណែកក្មេងស្រីដែលជិះកង់ រងរបួសមានឈ្មោះ ណៃ កនិ្នកា ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបន្តថាចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះឃឹម សាវ៉ន ភេទ ប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌឺ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ ២A៦៦៧៥ ដោយធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ស្រាប់តែទៅបុក និងម៉ូតូមួយគ្រឿងម៉ាកហុងដាសេរី២០០៨ ពណ៌ខ្មៅ ជិះគ្នា២នាក់ក្នុងទិសដៅ ស្របគ្នាហើយរថយន្ត ក៏ជ្រុលទៅខាងជើងប៉ះ និងក្មេងស្រីដែលជាសិស្សសាលាកំពុងជិះកង់ពីរទិសខាងកើតទៅលិចបណ្ដាល ឲ្យដួលរដូករណែលពេញផ្លូវ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយកើតហេតុ អ្នករបួសធ្ងន់ ស្រាល ត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង និងវាស់វែង និងអូសយកមធ្យោបាយម៉ូតូ និងកង់បានរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំក្រោលគោ ចំណែករថយន្តយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖