ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូគេចពីសមត្ថកិច្ចត្រួតពិនិត្យចរាចរជ្រុលបុករថយន្តកុងតឺន័ររបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ​គ្មាន​កញ្ចក់ និងមិនពាក់មួក​សុវត្ថិភាព​ ពេលសមត្ថកិច្ច​ដាក់គោលដៅពង្រឹងច្បាប់ចរាចរ ហើយព្យាយាមបើកបញ្ច្រាសផ្លូវដើម្បីគេង​ខ្លួន​ យ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ដែល​បើក​ស្រប​ទិសដៅ​បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើង កាល​ពី​ម៉ោង​ជិត១០​យប់​ថ្ងៃទី​០៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយ​ផ្លូវលេខ​២៧១​ ​ខាងមុខ​វិទ្យា​ល័យ​ជា​ស៊ីម​សាមគ្គី​ ស្ថិតក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ ។

ប្រភពពត៌មាន​នៅកន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GD-3633 តាម​បណ្តោយ​ផ្លូវ​លេខ២៧១​ ក្នុង​ទិសដៅ​ពីត្បូងទៅជើង ខណៈមកដល់ក្បែរចំណុច​កើតហេតុ​ ក៏មានកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​កំពុងតែដាក់គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក​ ។

ភ្លាម​នោះដោយ​ខ្លាច​សមត្ថកិច្ច​ចាប់​ផានពិន័យ​ ព្យាយាមជិះគេចខ្លួនឆ្លងទៅផ្លូវម្ខាងទៀត​ ដែល​បញ្រ្ចាស​ទិសដៅ​ចរាចរបានជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​3E-1605 ចំពីមុខពេញ​ទំហឹង​បណ្តោយ​អ្នកបើកបរម៉ូតូរងរបួស​បាក់ជើងខាងស្តាំ ។ ​

បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯក​ជន​ ហុងហាក់​ដឹកយកទៅ​សង្គ្រោះ​ភ្លាមៗ ។ ​

ចំណែក​ម៉ូតូ​និងរថយន្ត​ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕​ ជ្រោយពេជ្រ


ចែករំលែក៖