ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តកុងតឺន័របើកកៀរកាលពីវេលាម៉ោង ០៣ និង ៤០នាទីរសៀល ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយជាតិលេខ៤ ក្បែរនឹងច្រកចូលសាលាសុវណ្ណភូមិ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូ ដែលជាជនរងគ្រោះស៊េរី សង់ ឆ្នាំ២០១៧ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 1GN 1005 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុក៏បានវាក់អើជាមួយម៉ូតូមួយគ្រឿងទៀត ដែលដំណើរស្របទិសគ្នា ក៏បានគេចស្របពេលនោះ ក៏មានក្បាលរថយន្តសណ្តោងទូកុងតឺន័រ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 8722 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិស ក៏បានមកកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលប្រពន្ធរងរបួសជើងធ្ងន់ ចំណែកប្តីរងរបួសស្រាល ក្រោយពេលកើតហេតុរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បែរជាខំបើករត់រហូតមកដល់ចំណុចរង្វង់មូលចោមចៅ ទើបឃាត់ខ្លួនបានទាំងរថយន្ត និងតៃកុងតែម្តង ។
ក្រោយពេលកើតហេតុ តៃកុងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នាំខ្លួនរក្សាទុកនៅប៉ុស្តិ៍ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាពលេខ៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។
ចំណែកក្បាលរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងផ្នែកចរាចរណ៍ខណ្ឌវាស់វែង និងរង់ចាំកម្លាំងជំនាញផ្នែកចរាចរណ៍ ក្រុងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ