វៀតណាម៖ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយ នូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញទៅចូលរួមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ ឯឧ នាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុងការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផងរបងជាមួយគ្នា។ ឯឧ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបានជាប់ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសវៀតណាម ជាប្រទេសទីពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចមុនគេនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងប្រជាជន វៀតណាម ដែលបានទទួលនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ចំពោះ សម្តេចនិងគណៈប្រតិភូ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការឈានទៅ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានប្រសិទ្ធពរជ័យបវរ មហាប្រសើរជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមទទួលបាននូវភាពជោគជ័យខ្ពស់ថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសំបូររុងរឿងទ្វេឡើងថែមទៀត៕