ខេត្តកំពង់ចាម៖ នាពេលថ្មីៗនេះ គណៈកម្មការអាចារ្យវត្តជ្រោយថ្ម ក្រុង-ខេត្តកំពង់ចាម បានសម្តែងការព្រួយបារម្ភ ចំពោះបច្ច័យ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគេនមកឲ្យអតីតព្រះមេគណខេត្តកំពង់ចាម និងជាចៅអធិការវត្តជ្រោយថ្ម លោក អន ធាងអាន អាយុជាង៥០ឆ្នាំដើម្បីទុកកសាងសាលាបាលី ក្នុងវត្តជ្រោយថ្មមិនដឹងនៅណា បន្ទាប់ពីលោក អន ធាងអាន បានលាចាក សិក្ខាបទជាង១ខែទៅរៀបជាមួយស្រ្តី អាយុជាង៣០ឆ្នាំម្នាក់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។
លោកតាអាចារ្យវត្តជ្រោយថ្មម្នាក់បាន ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាបានអញ្ជើញបូជាទៀនធូបផ្កាភ្ញី ថ្វាយព្រះ និងនាំយកទេយ្យវត្ថុជាច្រើន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តទុស្សនារាម ហៅវត្តជ្រោយថ្ម និងវត្តខេមវ័នបឹងស្នាយដែលស្ថិតនៅ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច័្ចយចំនួន៥ម៉ឺនដុល្លារទុកឲ្យលោក អន ធាងអាន អតីតព្រះមេគណខេត្ត និងជាចៅអធិការវត្តជាអ្នកកាន់កាប់ដើម្បីកសាងសាលាបាលីនៅវត្តនេះ ។ ឥឡូវ នេះបច័្ចយ៥ម៉ឺនដុល្លារនេះមិនដឹងនៅណាទេ ក្រោយពីលោក អន ធាងអាន បានលា ចាកសិក្ខាបទរយៈពេលជាងមួយខែមកហើយនោះ ដែលករណីនេះធ្វើឲ្យគណៈ កម្មការអាចារ្យវត្តកើតមានមន្ទិលសង្ស័យយ៉ាងខ្លាំង ។
លោកតាអាចារ្យក៏បានឲ្យដឹងទៀតថា ក៏នៅមានថវិកាចំនួនជាង១ម៉ឺនដុល្លារ ផ្សេងទៀតដែលបានមកពីសប្បុរសជន ចូលបច្ច័យទុកទិញដី ជាប្រយោជន៍វត្ត ហើយថវិកានេះ ក៏លោក អន ធាងអាន ជាអ្នកកាន់កាប់ដែរខណៈលុយនោះ មិនទាន់បានចាត់ចែងក្នុងការទិញដីកសាងវត្តនៅឡើយទេ។
យ៉ាងណាទាក់ទិនទៅនឹងក្តីកង្វល់ របស់អាចារ្យវត្តជ្រោយថ្មនោះអតីតព្រះ មេគណ ខេត្តកំពង់ចាមនិងជាចៅអធិការ វត្តជ្រោយថ្មលោក អន ធាងអាន បានបំភ្លឺ ប្រាប់ថា លុយចំនួន៥ម៉ឺនដុល្លារ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រគេន គឺ លោកបានផ្ញើនៅក្នុងធនាគារមិនទាន់បានចាត់ចែងសាងសង់អ្វីទេ។ចំណែកថវិកា ជាង១ម៉ឺនដុល្លារទៀត លោកបានយកទៅជួយកសាងសាលាបាលីនៅភូមិទួលបីក្នុងស្រុកកងមាស ដែលជាស្រុកកំណើតរបស់ លោក ហើយ ថវិកានេះលោកសន្យានឹង សងមកវត្តជ្រោយថ្មវិញ ប៉ុន្តែគ្មានថ្ងៃកំណត់ នោះទេ។
ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាលាន់មាត់ថាការលាចាកសិក្ខាបទរបស់លោក អន ធាងអាន កើតឡើងរឿង ស្នេហាបង្ខិតបង្ខំពីព្រោះវាជាការកម្រណាស់ ដែលព្រះសង្ឃមានឋានៈខ្ពង់ខ្ពស់ជាព្រះមេគណខេត្តនិងជាចៅអធិការវត្តទៅហើយនោះបែរជាសុខចិត្តលាចាកសិក្ខាបទទៅរៀបការ ។
ចំពោះរឿងនេះ លោក អន ធាងអាន បានបំភ្លឺថា រឿងលោកយកប្រពន្ធនេះបានកើតឡើងក្រោយពីលោកបានសឹកហើយ ទេ ហើយមង្គលការនេះក៏គ្មានការបង្ខិត បង្ខំពីភាគីណាមួយដែរ។ លោកថាប្រការ ដែលលោកលាចាកសិក្ខាបទនេះមកពី អស់និស្ស័យនៅជាសង្ឃមានជំងឺប្រចាំកាយ និងមិនអាចអត់អាហារពេលល្ងាច បាន។ ក្រោយពីលាចាកសិក្ខាបទម្តាយ របស់លោក បានស្តីដណ្តឹងប្រពន្ធអាយុ ជាង៣០ឆ្នាំឲ្យដែលត្រូវចូលរោងការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ហើយលោកនឹងកសាងសុភមង្គលជាមួយគ្រួសាររហូតដល់ស្លាប់រៀងៗខ្លួន៕ សហការី