ភ្នំពេញ៖ ទំបីផុតរូបថតមួយសន្លឹក ដែលបង្ហាញអំពីអ្នកលក់តាមដងផ្លូវម្នាក់ កំពុងធ្វើនំក្រឡាន ជានំប្រពៃណីរបស់ខ្មែរ ធ្វើពីអង្ករ ដំណើប ហើយដុតនៅក្នុងបំពង់ឫស្សី ត្រូវបានជ្រើសរើសជារូបភាពឈ្នះគេ ក្នុងការប្រកួតថតរូប ដើម្បីអបអរ “ឆ្នាំនៃបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប” ដែលត្រូវបានរៀបចំ ដោយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ។
អ្នកថតរូប ដែលជាម្ចាស់ជ័យលាភីក្នុងការប្រកួតនេះ គឺលោក លាងវីល្លី បានទទួលរង្វាន់ធំ ដែលជាឧបករណ៍សម្រាប់ថតរូបមានតម្លៃស្មើ៧០០ដុល្លារ ពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅនៅឯសហភាពអឺរ៉ុបកាពីថ្ងៃសុក្រទី៧ ខែធ្នូ ឆ្នាំ២០១៨ ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីប្រគល់រង្វាន់នោះថា ៖ “គណៈកម្មការបានកោតសរសើរចំពោះគុណភាពនិងអារម្មណ៍ ដែលមាននៅក្នុងរូបថតមួយសន្លឹកនេះ ក៏ដូចជាសេចក្តីពណ៌នាប្រកបដោយភាពច្នៃប្រឌិតអំពីនំក្រឡាន ដែលជាផ្នែកមួយសំខាន់នៃបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយជាអាហារ ដែលគេនិយមចូលចិត្តខ្លាំង” ។
លោកថា រូបថតជាង៥០០សន្លឹក ត្រូវបានផ្ញើមកដើម្បីចូលរួមក្នុងការប្រកួតនេះ ដែលត្រូវបានរៀបចំឡើងដើម្បីជាការអបអរឆ្នាំ២០១៨ ដែលជា “ឆ្នាំនៃបេតិកភ័ណ្ឌវប្បធម៌អឺរ៉ុប” ក៏ដូចជាអបអរកម្មវិធីស្រដៀងគ្នានេះរាប់រយកម្មវិធីផ្សេងទៀត ដែលត្រូវបានរៀបចំឡើងក្នុងទ្វីបអឺរ៉ុបនិងនៅជុំវិញពិភពលោក ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្ថែមទៀតថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញប្រតិកម្មតបរបស់ប្រជាជនចំពោះកម្មវិធីប្រកួតនេះ ហើយពិតជារីករាយបន្ទាប់ពីបានឃើញនូវទិដ្ឋភាពផ្សេងៗ នៃបេតិកភ័ណ្ឌវប្បធម៌ទាំងអស់នោះតាមរយៈរូបថត ដែលជាទឹកដៃរបស់ប្រជាជនរបស់ប្រទេស ដែលសម្បូរទៅដោយបេតិកភ័ណ្ឌវប្បធម៌មួយនេះ ។ ភាគច្រើននៃរូបថត ដែលយើងទទួលបានគឺបង្ហាញពីបេតិកភ័ណ្ឌផ្នែកស្ថាបត្យកម្មដ៏អស្ចារ្យរបស់កម្ពុជា ជាមួយនឹងរូបថតជាច្រើនស្ដីពីប្រាសាទអង្គរវត្តនិងប្រាង្គប្រាសាទក៏ដូចជាទីវត្តអារាមនានាទូទាំងប្រទេស ។ រូបថតស្ដីពីម្ហូបអាហារជីវិតរស់នៅប្រចាំថ្ងៃក៏ដូចជាសិល្បៈសម្ដែងផ្សេងៗក៏មានច្រើនផងដែរ” ។
សមាសភាពនៃគណៈកម្មការវាយតម្លៃរួមមានវិចិត្រករដ៏ល្បីល្បាញរបស់កម្ពុជាគឺលោកឈឹមសុធីនិងកញ្ញាចាន់ឌីណារួមជាមួយអ្នកដឹកនាំរឿងអ្នកស្រីសុទ្ធោគូលីកាហើយនិងអ្នកថតរូបអាជីពគឺលោកម៉ក់រេមីសាលោកJohn McDermott លោកRoberto TrainaនិងលោកLaurent Dambies ។
លោកRoberto Trainaបានថ្លែងថា៖“គណៈកម្មការពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះគុណភាពរបស់រូបថត ដែលបានបញ្ជូនមកហើយយើងពិតជាពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសអ្នក ដែលជាប់ការជម្រុះចុងក្រោយនិងអ្នក ដែលត្រូវឈ្នះក្នុងកម្មវិធីនេះណាស់” ។
រង្វាន់សម្រាប់អ្នកជាប់លេខ២ ដែលជាឧបករណ៍ថតរូបមានតម្លៃ៦០០ដុល្លារត្រូវបានប្រគល់ជូនលោកកែវដាណេសម្រាប់រូបថតបង្ហាញពីចម្លាក់ព្រះកេសមួយ ដែលរុំព័ទ្ធដោយស្លៃហើយរង្វាន់ទី៣ ដែលជាឧបករណ៍ថតរូបមានតម្លៃ៥០០ដុល្លារត្រូវបានផ្តល់ជូនលោករើនរួមសម្រាប់រូបថត ដែលបង្ហាញមនុស្សអុជធូបនៅវត្តអារាម ។ ចំណែកឯអ្នកថតរូប១០នាក់ផ្សេងទៀត ដែលរូបថតរបស់ខ្លួនត្រូវបានគណៈកម្មការជ្រើសរើសសម្រាប់ជុំជម្រុះនោះក៏បានទទួលរង្វាន់និងវិញ្ញាបនប័ត្រសម្រាប់រូបថត ដែលមានការកោតសរសើរខ្លាំងក្នុងពិធីប្រគល់រង្វាន់នោះផងដែរ ។
គោលការណ៍ណែនាំសម្រាប់ការប្រកួតនេះតម្រូវឲ្យអ្នកថតរូបផ្ដិតយករូបភាព ដែលពណ៌នាអំពីបេតិកភ័ណ្ឌវប្បធម៌ក្នុងគ្រប់ទម្រង់ទាំងអស់រាប់ចាប់ពីសិល្បៈស្ថាប្យកម្មតន្ត្រីសិប្បកម្មម្ហូបអាហារនិងប្រពៃណីបុណ្យឈប់សម្រាកជាដើម ។ រូបថតរបស់ជ័យលាភីទាំងអស់និងអ្នកថតរូប ដែលទទួលបានការកោតសរសើរខ្ពស់នឹងត្រូវយកទៅដាក់តាំងបង្ហាញជុំវិញប្រទេសក្នុងរយៈពេលប៉ុន្នានសប្តាហ៍ខាងមុខនេៈនៅតាមទីកន្លែងនានាដូចជាសកលវិទ្យាល័យភូមិន្ទភ្នំពេញសកលវិទ្យាល័យបាត់ដំបងសកលវិទ្យាល័យជាស៊ីមកំចាយមារក្នុងខេត្តព្រៃវែងនិងបណ្ឌិតសភាអាស៊ី-អូស្ត្រាលីក្នុងខេត្តកណ្ដាល៕ វឌ្ឍនា