ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ២តោនកន្លះប៉ះជាមួយម៉ូតូបណ្ដាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត១១យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាតទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ លឹម បូណា ហៅឆុង អាយុ២៤ឆ្នាំ មុខរបបសន្តិសុខ រស់នៅក្រោយម្ដុំមន្ទីពេទ្យរុស្សុី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FD-1998 ធ្វើដំណើរម្នាក់ឯងតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហុីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1004 បានធ្វើដំណើរស្របទិសគ្នាយ៉ាងលឿនមកពីក្រោយ ហើយបានគៀរម៉ូតូជនរងគ្រោះដួលអូសជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះបោកក្បាល និងថ្នល់ស្លាប់នៅកន្លែងកើតហេតុ ហើយអ្នកបើកបរឈប់រថយន្តចុះគេចខ្លួនបាត់ នៅសល់តែព្រូរថយន្តត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។
បន្ទាប់ពីកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចជំនាញចរាចរចុះមកយករថយន្តបង្ក និងម៉ូតូរងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ