ប្រទេសជាច្រើនជុំវិញពិភពលោក បានប្រតិកម្មទៅនឹងការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន ទូរគមនាគមន៍ Huawei ថាជាសកម្មភាព រំលោភបំពាន នឹងការចោទប្រកាន់ គ្មានភស្តុតាង និងហេតុផលច្បាស់លាស់។
កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា ការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅក្នុងប្រទេសកាណាដា គឺបានបញ្ជាក់ពីគោលនយោបាយប្រថុយប្រថានរបស់អាមេរិក នៅក្រៅប្រទេស ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៧ ខែធ្នូ លោក Lavrov បានបញ្ជាក់ថា តាមរយៈការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ Huawei បានបង្ហាញឲ្យឃើញថា ទីក្រុងវ៉ាស៊ីនតោន បានអនុម័តច្បាប់ លើសពីដែនអធិបតេយ្យរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា «ទាំងនោះ ជាគោលនយោបាយឌឺដង ឈ្លានពាន មិនអាចទទួលយកបាន ។ កត្តានោះ បានធ្វើឲ្យប្រទេសជាច្រើន សូម្បីតែសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់អាមេរិក ក៏ប្រឆាំងនោះដែរ ។ ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ចប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ»។
នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី៧ ខែធ្នូ ក្រសួងការបរទេសចិន បានបញ្ជាក់ថា លោកស្រី Meng Wanzhou មិនបានបំពានច្បាប់របស់អាមេរិក ឬកាណាដា នោះឡើយ ទន្ទឹមនឹងនោះ បានស្នើដល់ រដ្ឋាភិបាលកាណាដា កែកំហុស ដោយដោះលែង ពលរដ្ឋចិនជាបន្ទាន់ ។
នាយកហិរញ្ញវត្ថុរបស់ Huawei អាចប្រឈមនឹងការជាប់គុក៣០ឆ្នាំ
អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុ(CFO)របស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិន លោកស្រី Meng Wanzhou បានបង្ហាញវត្តមាននៅក្នុងតលាការ ទីក្រុង Vancouver ប្រទេសកាណាដា ។
តាមឯកសារ ដែលបានដាក់ជូនតុលាការ លោកស្រី Meng Wanzhou ត្រូវបានអាមេរិកចោទប្រកាន់ពីបទឆបោក រំលោភទ្រព្យសម្បត្តិរបស់អង្គការ ស្ថានប័នហិរញ្ញវត្ថុជាច្រើន ។ លោកស្រី Meng Wanzhou ក៏រងការចោទប្រកាន់ពីបទកុហកដើម្បីបញ្ចៀសគេចវេះ នៅការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ។ លោកស្រី Meng Wanzhou អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ រហូតដល់៣០ឆ្នាំ ពាក់ព័ន្ធរាល់ការចោទប្រកាន់របស់អាមេរិក ។
កាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក ក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ បានច្រានចោល ការចោទប្រកាន់ទាំងឡាយ គំរាមកំហែងដល់ដលសន្តិសុខជាតិ អាមេរិក ។ ក្រុមហ៊ុន Hua wei បានបញ្ជាក់ថា ក្រុមហ៊ុននេះមិនដែលទទួលបានការស្នើពីរដ្ឋាភិបាលប្រទេសណាមួយ សម្រាប់ធ្វើសកម្មភាពសម្ងាត់តាមបណ្តាញនោះឡើយ។
ការប្រកាសខាងលើ ធ្វើឡើងក្រោយពេលដែលមន្ត្រីជាន់ខ្ពស់ទទួលបន្ទុក បច្ចេកវិទ្យា នៅអឺរ៉ុប លោក Andrus Ansip បានបញ្ជាក់ថា អឺរ៉ុប មានក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពរបស់ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានបញ្ជាក់ថា «យើងបានប្តេជ្ញា ប្រឆាំង រាល់ការចោទប្រកាន់ទាំងឡាយទៅលើក្រុមហ៊ុនថា បានគំរាមកំហែង ដល់សន្តិសុខ ។ Huawei មិនដែលទទួលបានការ ស្នើ ពីរដ្ឋាភិបាលណាមួយ ក្នុងការ បង្កើន ប្រព័ន្ធ «ទ្វារក្រោយ» ឬ ជ្រៀតជ្រែក វាយប្រហារ ចូលបណ្តាញកំព្យួទ័រណាមួយឡើយ ។ យើងខ្ញុំក៏មិនលើកលែងដល់ បុគ្គលណាមួយដែលមានសកម្មភាព ធ្វើបែបនេះនោះដែរ ។
កន្លងមកថ្មីៗ ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Huawei បានយលព្រម ដោះស្រាយបញ្ហាសន្តិសុខ ជាមួយរដ្ឋាភិបាលអង់គ្លេស៕ ម៉ែវ សាធី