ខេត្តតាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ត្រពាំងគ្រញូង ឃាត់ខ្លួននៅវេលាម៉ោង៧ព្រឹកថ្ងៃ សៅរ៍ ១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត ក្រោយពីនគរបាល បានទទួលបណ្តឹងពីឈ្មោះ ស្រ៊ាង សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ស្រ៊ាង សំណាង បានប្តឹងឈ្មោះ ប្រាក់ ហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករដើរបោះអីវ៉ាន់ តាមម៉ូយ ទីលំនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតដែលបានយកប្រាក់របស់គាត់ចំនួន២៥០០ដុល្លារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨និងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅពេលដែលរូបគាត់ប្រើឲ្យឈ្មោះ ប្រាក់ ហេង នេះដឹកអីវ៉ាន់ដាក់តាមម៉ូយ រួចគេចខ្លួនបាត់ មិនព្រមចូលមកទូទាត់ប្រាក់។
ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថាក្រោយបោកប្រាស់ប្តាក់២៥០០ដុល្លារមិនអស់ចិត្ត ស្រាប់តែនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះប្រាក់ហេង នេះបានប្រើល្បិចទៅយកភេសជ្ជ:ខារ៉ាបាវចំនួន៦កេស ពីម៉ូយអីវ៉ាន់របស់គាត់ ឈ្មោះមិន ណុច ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូងថារូបគាត់អ្នកឲ្យយកទៀត។
ក្រោយទទួលពាក្យបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍ត្រពាំងគ្រញូងក៏បានឃាត់ខ្លួនឈ្មោះប្រាក់ ហេង ដើម្បីសាកសួរនិងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់តែម្តង៕ សហការី