ភ្នំពេញ៖ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដែលទើបនឹងឡើងកាន់តំណែងថ្មី បានសន្យាថានឹងសំអាតឲ្យអស់ពីបញ្ហាសំរាមក្នុងមូលដ្ឋានរបស់លោក តែផ្ទុយទៅវិញ ការសន្យារបស់លោកគឺអាចនិយាយបានថា សន្យាខ្យល់ធ្វើមិនបាន ទុកឲ្យសំរាមស្អុយរលួយគរដូចភ្នំក៏លោកមិនរវល់ ។
បញ្ហាសំរាមនៅក្នុងមូលដ្ឋានចោមចៅទី៣ កន្លងមកមានព័ត៌មានបានចុះផ្សាយតែធ្វើឲ្យលោក វ៉ា សាវឿន ចៅសង្កាត់ខឹងសម្បារយ៉ាងខ្លាំង ហើយលោកបានសន្យាថា នឹងចុះប្រមូលឲ្យអស់ដើម្បីបរិស្ថានស្អាត។
តែអ្វីដែលកត់សម្គាល់នោះលោកបានដឹកនាំកម្លាំងចុះប្រមូលសំរាមហើយ និងដាក់បំរាមទៅប្រជាពលរដ្ឋផងដែរ ។ តែដោយឡែក ទីតាំងផ្សេងដែលសារព័ត៌មានមិនទាន់ចុះផ្សាយ លោកក៏មិនចុះសំអាតដោយទុកឲ្យស្អុយរលួយ ឬចាំពេលគេផ្សាយរិះគន់ ទើបលោកចុះធ្វើ ឬក៏យ៉ាងណា?
ជាក់ស្តែងទីតាំងនៅផ្លូវបេតុង ជាប់របងរោងចក្រ ជាជាហឺហ្គាមែន ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គេសង្កេតឃើញថា សំរាមគរដូចកូនភ្នំមួយទៅហើយ និងជិតបិទផ្លូវមួយទៀតផង តែលោកវ៉ា សាវឿន ធ្វើមិនឃើញ ឬលោកមិនដឹង?
ចាំមើលតើលោកនឹងមានវិធានការយ៉ាងណា ចំពោះបរិស្ថានស្អាតក្នុងមូលដ្ឋាន? ៕ សុខាសែនជ័យ