ភ្នំពេញ៖ បុរសម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែ និងខណ្ឌមានជ័យសុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវបំពងសំឡេងចេញមកក្រៅរហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពូនបានឡើយ ។
ការលើកឡើងស្នើសុំនេះគឺក្នុងឱកាសវេទិកាសាធារណៈមួយកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១ ៨ ស្ថិតនៅក្នុងវិហារចិន ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោក យិត បុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែក្រោម លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ។
ក្រោយពីស្តាប់ការលើកឡើង និងសំណូមពររបស់ពលរដ្ឋពាក់ព័ន្ធនិងករណីក្រុមហ៊ុនស៊ីនទ្រីដែល បានទារកំរ៉ៃលើសសេវាកំណត់របស់សាលារាជធានី និងការដើរប្រមូលសំរាមគ្មានណ្តាប់ធ្នាប់នោះ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានជម្រុញឲ្យមន្ត្រីរបស់ខ្លួនជួយកែសម្រួល និងកោះហៅតំណាងក្រុមហ៊ុនណាម្នាក់ឲ្យចូលរួមវេទិកាសាធារណៈនៅលើកក្រោយៗ ដើម្បីឆ្លើយតបនិងការស្នើសុំរបស់ពលរដ្ឋ ។ លោកថា ពិតណាស់ហើយខាងក្រុមហ៊ុនស៊ីនទ្រី កម្មករប្រមូលសំរាម និងអ្នកបើកបរឡានតែងតែធ្វើការខ្ជីខ្ជារឈប់ឡានកណ្តាលផ្លូវ អាងខ្លួនឯងជាអ្នកបំរើសេវាសាធារណៈសង្គម គាត់មិនគិតពីផលប៉ះ ពាល់ដល់អ្នកធ្វើដំណើរនោះទេ ។
ចំពោះក្លឹបកំសាន្តរ៉េន(Rain)លោកអភិបាលខណ្ឌមានជ័យក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថាក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ។ លោកថា លោកបានធ្វើការណែនាំដល់ថៅកែក្លឹបឲ្យកែសំរួលឡើងវិញបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះកែសំរួលច្រកសុវតិ្ថភាពចំនួនពីរទ្វារ និងដាក់អំពូលភ្លើងអូតូ ។ លោកថា ធ្វើបែបនេះគឺចៀងវាងបើមានបញ្ហាអគ្គីភ័យកើតឡើងគឺមានទ្វារសុវតិ្ថភាពសំរាប់ចេញ និងអំពូលភ្លើងអូតូជួយបំភ្លឺផងដែរ ៕ តាឡឹម