ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ឯល វណ្ណថន មេបញ្ជាការ កងអនុសេនាធំការពារផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ជាក់ថា លោកនឹងប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ក្នុងករណីឈ្មោះ មៀច សត្ថា ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឈរជើងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រះនាមទិវា១១ និង ឈ្មោះ អ៊ឹម សារុំ ជាគូកន ដែលបានបាញ់កូនប្រុស ជាកងអង្គរក្សបណ្តាលឱ្យរងរបួសជើងធ្ងន់ធ្ងរ ។
ករណីនេះ បើទោះបីជាលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និង លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យ និង សម្តែងការសោកស្ដាយដោយមានការភ័ន្តច្រឡំក៏ដោយ ក៏លោកឧត្ដមសេនីយ៍ឯក ឯល វណ្ណថន មិនអភ័យទោសឡើយ ដោយសម្រេចចិត្តប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ជូនកូនប្រុស ។
តាមរយៈលិខិតមួយច្បាប់បំភ្លឺជាសាធារណៈ របស់លោកឧត្ដមសេនីយ៍ឯក ឯល វណ្ណថន កាលពីថ្ងៃទី៧ ខែធ្នូ បញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ វេលាម៉ោង១១៖៣០នាទី លោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្ដ្រ ត្រូវជាកូនប្រុសនិងមិត្តភក្ដិ២នាក់ទៀត បានមកហូបបាយនៅភោជនីយដ្ឋានម្លប់ស្វាយដូងក្រអូប កញ្ចុះលេខ១៤ ក្បែរបន្ទប់ទឹក ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ចំណែកភាគីឈ្មោះ មៀច សត្ថា និង ឈ្មោះ អ៊ឹម សារុំ ហូបចុកនៅហាងជាមួយគ្នា ដោយចេញចូលបន្ទប់ទឹកញឹកញាប់ ។ ពេលនោះបានឃើញអាវុធខ្លីរបស់កូនប្រុស ក៏បានរាយការណ៍តាមវិទ្យុទាក់ទងទៅលោក ឈឹម ប៊ុនរ័ត្ន អធិការរងខណ្ឌដង្កោ ទទួលបន្ទុកព្រហ្មទណ្ឌ ព្រះនាមកក្កដា០៥ ដោយចោទប្រកាន់ ឈ្មោះ ឯក ស៊ឹមសុភ័ក្ដ្រ ថា ជាមុខសញ្ញាចោរប្លន់ លក់គ្រឿងញៀន និង មុខសញ្ញាប្លន់ឡាន ។
ពេលឮរាយការណ៍តាមវិទ្យុទាក់ទងបែបនេះ ឈ្មោះ ឯល ស៊ឹមសុភ័ក្ដ្រ បានគិតលុយចេញពីភោជនីយដ្ឋានខ្លាចមានរឿងវែងឆ្ងាយ ឆ្ពោះទៅផ្សារឯករាជ្យ៣ កន្លែងប្រពន្ធលក់ទូរស័ព្ទវិញ ។
ក្រោយមកមានកម្លាំងប៉ូលិសជិះម៉ូតូតាមពីក្រោយ ពួនស្ទាក់ រួចបាញ់ទៅលើឈ្មោះ ឯល ស៊ឹមសុភ័ក្ដ្រដោយកាំភ្លើង អាកា ចំនួន៤គ្រាប់ បណ្តាលឱ្យចំភ្លៅរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែឈ្មោះ ឯល ស៊ឹមសុភ័ក្ដ្រ ពុំបានបាញ់តបតវិញឡើយ ដោយសារកាំភ្លើងទុកក្នុងកាបូប ។
លោកឧត្ដមសេនីយ៍ឯក ឯល វណ្ណថន បញ្ជាក់ទៀតថា ករណីនេះលោកនឹងប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ហើយសន្និដ្ឋានថា ចង់ស៊ីសាច់ឆ្កែ ចោទថាជាឆ្កែឆ្កួត រួចបាញ់ឆ្កែឱ្យងាប់ តែម្ដង៕ ចេស្តា