ព័ត៌មានទាន់ហេតុការណ៍៖

ឆេះទីតាំងលក់គ្រឿងម៉ាស៊ីនភ្លើងក្នុងផ្សារផ្លាហ្សា ផ្អើលអាជីវកររត់ចែកជើងគ្នាទាំងល្ងាច

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះទីតាំងលក់គ្រឿងម៉ាស៊ីនភ្លើងក្នុងផ្សារផ្លាហ្សា ក្បែរផ្សារតូចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមអាជីវកររត់ចែកជើងគ្នា តែសំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបរិវេណផ្សារផ្លាហ្សា ចំណុចតូបលេខB22 ផ្លូវលេខ68 សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកកាន់ វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ម្ចាស់តូបឈ្មោះ ជុន ស៊ីណេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលធុងខ្យល់ ។

លោកនាយប៉ុស្តិ៍បន្តថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យឆេះរាលដាលខ្លាំងនោះទេ ព្រោះពេលកើតហេតុ មន្រ្តីរដ្ឋបាលខណ្ឌសហការជាមួយសមត្ថកិច្ចមូលដ្ឋា បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយជោគជ័យ ។មូលហេតុនៃការឆេះខាងលើនេះគឺបណ្ដាលមកពីឆេះចំហាយហ្គាស ម៉ាស៊ីនភ្លើង ។

ក្រោយកើតហេតុ លោកកាន់ វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ក៏បានធ្វើការអប់រំណែនាំ កំណត់ហេតុដល់ម្ចាស់ទីតាំងឲ្យមានការប្រុងប្រយ័ត្នចំពោះម៉ាស៊ីនភ្លើងទាំងនោះ ព្រោះវាអាចឆ្លងចរន្តភ្លើងបង្កជាការឆាបឆេះផងដែរ ៕ស តារា


ចែករំលែក៖