ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអានៈ ត្រួតពិនិត្យតែស្ថានីយប្រេងធំៗ សូមកុំភ្លេចត្រួតពិនិត្យស្ថានីយតូចៗផង

ចែករំលែក៖

ជាការពិតហើយដែលកន្លងទៅនេះស្ថាប័នកាំកុងត្រូលបានយកចិត្តទុកដាក់ក្នុងការចុះ ត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់ប្រេងឥន្ធនៈតាមស្ថានីយធំៗហើយបានរកឃើញ ភាពអវិជ្ជមានមួយចំនួនដូចជាស្ថានីយប្រេងខ្លះលក់ប្រេងឲ្យអតិថិជនមិនគ្រប់ចំណុះ លួចកេងបន្លំប្រេងធម្មតាទៅជាប្រេងស៊ូពែរ និងលក់ថ្លៃលើសកំណត់ក្រសួងពាណិជ្ជកម្ម ជាដើម ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្គមមួយដែលស្រលាញ់យុត្តិធម៌ និងស្អប់ នូវអំពើពុករលួយយល់ឃើញថា ប្រតិបត្តិការរបស់ស្ថាប័នជំនាញដែលកំពុងយកចិត្តទុកដាក់ ក្នុងបញ្ហានេះនឹងធ្វើឲ្យមហាជនគាំទ្រខ្លាំងណាស់ ព្រោះចាត់ទុកការកេងបន្លំ និងកេងចំណេញ របស់ឈ្មួញមួយចំនួននោះ ជាអំពើជញ្ជក់ញើសឈាម អតិថិជនតែម្តង ។

បានជាខ្ញុំហ៊ានថា ដូច្នេះ ទី១-លុយកាក់ដែលបានយកមកចំណាយទិញសាំងចាក់យានយន្ត ឬម៉ាស៊ីនដើម្បីបង្ក បង្កើតផលបានមកពីការប្រើកម្លាំងកាយហូរញើសស្រោចខ្លួន និងទី២ ក្រុមឈ្មួញនៅតែសម្ងំ ក្នុងម៉ាស៊ីនត្រជាក់ចាំតែរិះរកកេងចំណេញយ៉ាងស្រួលមិនអស់ចិត្តសោះនៅចាំលួចកេងចំណេញគុណភាព និង ចំណុះលីត្រ (មិនគ្រប់លីត្រ)ទៀត តើសមទេ ? សួរថា មិនបាច់គិតច្រើនទេ មួយថ្ងៃភាពលម្អៀងថ្លៃលក់ប្រេងសាំងធម្មតាសោះកុហកថាប្រេង ស៊ូពែរ មួយលីត្រ២០០៛ តើមួយថ្ងៃលក់បានប៉ុន្មានម៉ឺនលីត្រ គិតជាលុយតើចំណេញប៉ុន្មាន ? ចំណែកឯការកេងចំណុះ លីត្រវិញ មួយថ្ងៃចំណេញតែ១០០៛-២០០៛ មួយថ្ងៃលក់បានរាប់ពាន់-ម៉ឺនលីត្រ តើចំណេញ ប៉ុន្មាន ? ខ្ញុំគិតថា មួយថ្ងៃបានប៉ុននឹងមិនធំដុំក៏ពិតមែន ចុះមួយខែ ឬ មួយឆ្នាំគេចំណេញប៉ុន្មាន?ទាំងនេះនៅមិនទាន់គិតប្រាក់លម្អៀងលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្មផង។តើទង្វើនេះ មិនហៅថា ការជញ្ជក់ញើសឈាមអតិថិជនទេឬ?

ខ្ញុំដឹងថាភាពមិនប្រក្រតីនេះសមត្ថកិច្ចរកឃើញភាពអវិជ្ជមានតែនៅស្ថានីយប្រេងធំៗ តែប៉ុណ្ណោះ ចំណែកនៅស្ថានីយតូចៗ តាមផ្លូវឌឿងហែមឬផ្លូវលំមួយចំនួនដែលលួចធ្វើអាជីវកម្មគ្មានច្បាប់នោះ តើឈ្មួញសប្បាយចិត្តប៉ុនណាក្នុងការជញ្ជក់ញើសឈាមអតិថិជន ព្រោះ តែសមត្ថកិច្ចជំនាញមិនដែលចុះទៅត្រួតពិនិត្យ ? ដូច្នេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀតនោះ សូមសំណូមពរដល់ស្ថាប័នសមត្ថកិច្ចជំនាញ មេត្តាចុះត្រួតពិនិត្យស្ថានីយប្រេងតូចៗទាំងនោះផង ព្រោះតាមដឹងក្រុមនេះកាប់ឆៅជាងស្ថានីយធំៗទៅទៀត ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖