ខេត្តតាកែវ ៖ ក្រោយបែកធ្លាយពីភាពមិនប្រក្រតីនៃការសាងសង់ផ្សារព្រៃ សណ្ដែកថ្មីដោយក្រុមអាជីវករខ្លះមិនសុខចិត្ត និងបានតវ៉ា ថែមទាំងសរសេរសារ រាយការណ៍តាមផេកហ្វេសប៊ុកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងនោះ ត្រូវបានលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តតាកែវរកឃើញថាសំណង់ផ្សារនេះគ្មាន លិខិតអនុញ្ញាតសាងសង់ឡើយគឺជា សំណង់ខុសច្បាប់ទាំងស្រុង ។
លោក នួន សុធា ប្រធានមន្ទីររៀបចំដែន ដីនគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តតាកែវបានចេញលិខិតអះអាងថា សំណង់ផ្សារ ព្រៃកសណ្តែក ស្ថិតក្នុងស្រុក ទ្រាំង ខេត្តតាកែវ គឺគ្មានលិខិតអនុញ្ញាត សាងសង់នោះទេ ក្រោយពីលោកទៅពិនិត្យ កាលពីថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៨ នៅបរិវេណផ្សារព្រៃ សណ្ដែក ស្ថិតក្នុងភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ស្របពេលដែលផ្សារមួយនេះសាងសង់ជិតរួច រាល់ទៅហើយនោះ ។
ក្នុងលិខិតដែលលោកប្រធានមន្ទីរបំភ្លឺនោះបានផ្អែកលើ៤ចំណុច ដែលអ្នកវិនិយោគផ្សារមួយនេះមិនគោរពតាមគឺ១- ផ្សារព្រៃសណ្ដែកនេះ គឺពុំមានលិខិតអនុញ្ញាតឲ្យសាងសង់នោះទេ, ២-ទំហំតូបថ្មី ក្នុងផ្សារ គឺតូចជាងទំហំតូបដែលបាន សន្យាមុនពេលសាងសង់, ៣- តូបថ្មីដែលបានសាងសង់មិនគ្រប់ចំនួនតូបចាស់ឬ តូបដែលបានកក់ប្រាក់, ៤- អាជីវករដែលទទួលបានតូបថ្មីគឺខុសពីទីតាំងចាស់ឬនៅឆ្ងាយពីទីតាំងចាស់ដែលខ្លួនធ្លាប់លក់ ។
សូមបញ្ជាក់ផងដែរថា ផ្សារព្រៃសណ្ដែក ថ្មីនេះត្រូវបានទទួលការសាងសង់ដោយ ក្រុមហ៊ុន ខេង យ៉ារី ឌីវេឡុបមេន អេន អុិនវេសមេន (ខេ. វ៉ាយឌី. អុី) ជិតរួចរាល់ ទៅហើយ តែដោយសារមានការជជែកតវ៉ា និងមិនសុខចិត្តពីក្រុមអាជីវករមួយចំនួននោះ ស្រាប់តែបែកធ្លាយពីភាពមិនប្រក្រតីនៃការសាងសង់ ដែលចំណុចនេះធ្វើឲ្យ ក្រុមអាជីវករមានការសង្ស័យទៅលើអាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរពាក់ព័ន្ធថា អាចមានការជាប់ពាក់ព័ន្ធសមគំនិតគ្នាក្នុងការសាងសង់ផ្សារមួយនេះ ។
ទាក់ទិននឹងការរកឃើញថា សំណង់ ផ្សារទាំងមូលនេះ ជាសំណង់ខុសច្បាប់ កាសែតនគរវត្តមិនទាន់អាចទាក់ទងសុំការបកស្រាយបំភ្លឺពីតំណាងរបស់ក្រុមហ៊ុនវិនិយោគនេះ គឺលោក វ៉ែន ចាន់ថូ បាននៅ ឡើយទេ ៕ នរិន្ទ្រ