ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនគ្រោងចំណាយ​ ២៤០ពាន់លានដុល្លារ​ សម្រាប់វិស័យការពារជាតិ៥ឆ្នាំ

ចែករំលែក៖

ក្រសួងការពារជាតិជប៉ុន​ត្រូវគេរាយការណ៍ថា មានគម្រោងចំណាយប្រាក់​រហូត​ដល់​២៤០ពាន់លានដុល្លារ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ទៅលើវិស័យ​ការពារជាតិ ក្នុងនោះ​ផ្តោតលើការទិញ​សព្វាវុធ​បន្ថែមពីអាមេរិកផងដែរ ។

កាសែត Nikkei Business Dailyបានផ្សាយថា គម្រោងចំណាយនេះ ស្របតាមការប្រកួតប្រជែងផ្នែកសន្តិសុខ ក៏ដូចធ្វើឲ្យល្អប្រសើរ​ផ្នែកសេដ្ឋកិច្ច​ជាមួយអាមេរិក​ខណៈត្រូវទិញអាវុធពីប្រទេសនេះ ។

ប្រភពខាងលើបានផ្សាយ​កាលពីថ្ងៃទី៧ ខែធ្នូ ថា ក្រសួងការពារជាតិជប៉ុន​ ឡើងគម្រោងចំណាយ​យ៉ាងតិច​២៧ សែនកោដិ យេន ( trillion yen) ប្រហាក់ប្រហែល២៤០ពាន់លានដុល្លារអាមេរិក ចន្លោះពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៤ ដែលជាការចំណាយមួយ​ កើនឡើងគិតជាមធ្យមភាគ ១.១ភាគរយប្រចាំឆ្នាំ ខណៈការចំណាយលើកមុន ​គិតជាមធ្យមភាគ មានតែ០.៨ភាគរយ ដែលត្រូវផុតបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ ។

បច្ចុប្បន្ន​ការចំណាយទៅលើ​សព្វាវុធ និងកម្លាំងយោធា គឺមានសរុប​៨០ភាគរយនៃគម្រោងការពារជាតិដែលបានអនុម័ត​ ។ ប៉ុន្តែ​គម្រោងថ្មី ចំណាយទៅលើសព្វាវុធគឺដាច់ដោយឡែក ធ្វើឲ្យងាយស្រួលទិញអាវុធ​​ពីអាមេរិក ​។

នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភាជប៉ុន​នឹងបោះឆ្នោតសម្រេច​ថា តើយល់ព្រម ឬក៏អត់ ទៅលើគម្រោង​របស់រដ្ឋាភិបាលខាងលើនេះ ។

ទិញអាវុធ​ដែលផលិតដោយអាមេរិកនេះ អាចជួយឲ្យជប៉ុន​ចៀសផុតពីការប៉ះទង្គិច​ពាណិជ្ជកម្ម​ជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញ​ជប៉ុនឲ្យទិញ​ទំនិញអាមេរិកបន្ថែម ក្នុងនោះមានឧបករណ៍យោធា អមទៅដោយការ​គំរាមកំហែង​បង្កើនប្រាក់ពន្ធនាំចូលរថយន្តពីជប៉ុនទៅកាន់អាមេរិកនោះ ។

កាលពីខែសីហា ក្រសួងការពារជាតិជប៉ុន​បានពិចារណា ចំណាយ​៥.៣សែនកោដិយេន (ប្រហែល៤៧ពាន់លានដុល្លារ) នៅឆ្នាំក្រោយនេះ សម្រាប់បំពាក់សព្វាវុធទំនើប​ៗ ដើម្បីបាញ់ទម្លាក់​ប្រព័ន្ធមីស៊ីល បាល្លីស្ទិកកូរ៉េខាងជើង ដែលទីក្រុងតូក្យូ រំពៃថា ចេះតែបន្តគំរាមកំហែង​ បើទោះបីទីក្រុងព្យុងយ៉ាង សន្យាបោះបង់អាវុធបរមាណូនោះហើយក៏ដោយ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានខិតខំពង្រឹងឥទ្ធិពលយោធា ដើម្បីឆ្លើយតប​ការវាយប្រហារណាមួយដោយមីស៊ីលរបស់កូរ៉េខាងជើង ​ក៏ដូចប្រឆាំង​ចិន​ដែលបង្កើនឥទ្ធិពល​ទាំងនៅលើដែនសមុទ្រ និងដែនអាកាស ជុំវិញ​ជប៉ុន ។

ជប៉ុននៅមិនទាន់ទុកចិត្តកូរ៉េខាងជើងដែលថា បោះបង់អាវុធបរមាណូ និងកម្មវិធិអាវុធមីស៊ីល បាល្លីស្ទិកនោះឡើយ ។ ក្រសួងការពាររបស់ជប៉ុន​បានថ្លែងនៅក្នុង​ក្រដាសស កាលពីខែសីហាថា ក្រុងព្យុងយ៉ាង នៅតែជាចំណុចគំរាមកំហែង​​បំផុតរបស់ជប៉ុន ៕ ថាច់ យ៉ាត


ចែករំលែក៖