ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខនគរបាលបុករះម៉ូតូសណ្តោងរ៉ឺម៉កស្លាប់បុរសម្នាក់ និងបុរសម្នាក់ទៀតរងរបួស

ចែករំលែក៖

ភ្នំពេញ: រថយន្ត ស្លាក លេខ នគរបាល បុក រះ ម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿងស្លាប់បុរសម្នាក់ និងបុរសម្នាក់ទៀតរងរបួស ។ ហេតុការណ៍ នេះ កើតទ្បើងកាលពីម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្ដោយ ផ្លូវ ម៉ៅសេទុង សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។

សពជនរងគ្រោះដែលជាម្ចាស់ម៉ូតូកង់បី មានឈ្មោះ វាន់ ទិព្វ មានអាយុ ៥៧ឆ្នាំ ស្រុក កំណើត នៅ ភូមិ ស្វាយ អំពារ ឃុំ ស្វាយ អំពារ ស្រុក មុខកំពូល ខេត្ត កណ្ដាល។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបង្ក ម៉ាក Lexus RX350 ពណ៌ ស ពាក់ ស្លាក លេខ នគរបាល 2-6636 បាន ធ្វើ ដំណើរតាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ស្របទិស ជាមួយនឹង ម៉ូតូសណ្តោងរ៉ឺម៉ក ពីរគ្រឿង ខណៈមកដល់ ចំណុចកើតហេតុស្រាប់ តែរថយន្ត បានបុកម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿង ពណ៌ ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ 1Q-4147 ពី ក្រោយ បណ្ដាល ឲ្យម៉ូតូដាច់ជាពីរ បណ្តាលឲ្យអ្នកម៉ូតូ ស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រួចរថយន្តបន្តទៅ បុកម៉ូតូកង់ បីឥណ្ឌាមួយគ្រឿង ទៀត ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 1GM-4690 បណ្ដាល ឲ្យក្រឡាប់បណ្តាលឲ្យអ្នកបើក ម៉ូតូកង់ បីរងរបួសស្រាល ។

ក្រោយពេលកើតហេតុរថយន្ត បង្ក ព្យាយាមបើករត់យករថយន្តទៅទុកនៅកន្លែង ផ្ញើមួយ កន្លែងហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរ ស្ទូចយករថយន្ត និងម៉ូតូរ៉ឺម៉ងទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖