ខេត្តស្ទឹងត្រែងៈ សិប្បកម្មកែច្នៃទ្វារបង្អួច និងតុកៅអីសាឡុង គ្រែតូចធំគ្រប់ម៉ូដ ធ្វើអំពីឈើប្រណីត និងលេខមួយ អារច្រៀកដឹកចេញ ពីព្រៃសហគមន៍ ព្រៃឡង់ និងព្រៃដែនចម្រកសត្វព្រៃ យ៉ាងអណាធិប្បតេយ្យគ្មានអ្នកទុបស្គាត់ និងបង្ក្រាបនោះឡើយចែកគ្នា យកតែលុយទៅដាក់ហោប៉ៅទៅបានហើយ រួមទាំងសិប្បកម្មជាច្រើនកន្លែង ដែលមាននៅក្នុង ឃុំអន្លុងជ្រៃ ឃុំសំអាង ឃុំព្រះរំគិល និងឃុំស្រែឫស្សី ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយតៗគ្នាថាៈ សព្វថ្ងៃនេះ គេសង្គេតឃើញថា ឈ្មួញខ្លះរកស៊ីដឹកឈើឆៅតាមរថយន្តតូចធំ មានដូចជាឈើប្រណីតធ្នង់ នាងនួន ឈើគ្រំ ខ្លះបង្កប់ជាមួយ គ្រងទ្វារបង្អួច ងាយស្រួលបង់លុយឲ្យសមត្ថកិច្ចចម្រុះតាមគោលដៅ ទៅតាមរូបភាពជាក់ស្តែង ខ្លះទៀតដូចជារថយន្តកូរ៉េ កែច្នៃ បង្កប់ដំឡូងពីលើ ខ្លះបង្កប់បេសណ្តែក ពីលើឈើពីក្រោម ខ្លះទៀតក្លែងរូបភាពថា ជាឈើផ្ទះចាស់ ដោយឈើថ្មីយកត្រាំទឹកឲ្យប្រឡាក់ភួក ឬដុតរោលចុងឈើឲ្យខ្មៅ រួចដំដែកគោលបត់ បំភ័ណ្ឌភ្នែកសមត្ថកិច្ចជាពិសេសអ្នកសារព័ត៌មាន ដាក់ពេញរួចនាំចេញយ៉ាងរលូន ដោយគ្មានអ្នករំខាន តែចំពោះសមត្ថកិច្ចមិនរំលងឡើយ ជាពិសេសសមត្ថកិច្ចចម្រុះនៅកុងត្រូលត្រួតពិនិត្យ៣គោលដៅ គឺទី១.ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ទី២.ជាប់ព្រំប្រទល់ខេត្តក្រចេះ និងទី៣.ជាប់ព្រំប្រទល់ខេត្តរតនគីរី មានតែឈ្មោះធ្វើឲ្យតែល្អមើល ងាយស្រួលលាដៃយកលុយពីឈ្មួញស្របច្បាប់ ។
ប្រភពដដែលបន្តទៀតថា ចំណែកសិប្បកម្មកើតមាន ជាបន្តបន្ទាប់នេះ ជាច្រើនកន្លែង ក្នុងឃុំចំនួន៣ គឺ១.ឃុំព្រះរំគិល ទី២.ឃុំអន្លុងជ្រៃ ទី៣.ឃុំសំអាង ដែលមានសិប្បកម្មធំៗ ធ្វើទ្វារបង្អួច ដែលមានឈើស្តុកច្រើនម៉ែត្រគូប ទុកកែច្នៃធ្វើ ទ្វារបង្អួច ចំពោះឈើមិនសូវល្អ តែឈើណាល្អៗទុកដាក់បាតរថយន្ត បង្កប់ទ្វារបង្អួចពីលើដឹកចេញទៅយ៉ាងរលូន ម្ចាស់សិប្បកម្មទាំងនោះ គេស្គាល់ឈ្មោះ ទី១.មាន ឈ្មោះធា ថៅកែសិប្បកម្ម ជាមន្ត្រីនគបាលប៉ុស្តិ៍ និងទី២.ឈ្មោះហែន ជាថៅកែសិប្បកម្ម ធ្វើនៅម្តុំភូមិក្រោម ឃុំព្រះរំគិល មួយជួរមាត់ទន្លេ និងទី៣.ឈ្មោះ ម៉ឹង រដ្ឋា អាងងារជាក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ មានសិប្បកម្ម បែរជាថា ធ្វើសិប្បកម្មនេះយកលុយជួយបក្សទៅវិញ និងមានប្អូនម្នាក់ទៀត ឈ្មោះស៊ីម ដែលមានរោងសិប្បកម្មធំៗ មានកម្មករមិនតិចប្រាំអ្នកឡើងទៅ ហើយមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រាប់ដឹក ហើយជាពិសេសឮថា ដេញថ្លៃដាច់មុខថែមទៀតផង ដោយមិនឲ្យអារឈើដឹកយកទៅលក់ ឲ្យអ្នកណាក្រៅពី ពីរអ្នកបងប្អូនគេនោះទេ ចំពោះឈើស្អាតៗនោះ ដូចជាសុក្រំ កកោះ ផ្ចឹកសន្លឹក គឺដឹកយកមកលក់ឲ្យគេទាំងអស់ ។
ចំណែកលោកអឿ គឹមហេង ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើ គ្រប់គ្រងបួនឃុំមានឃុំសំអាង ឃុំព្រះរំគិល ឃុំអន្លុងជ្រៃ និងឃុំអន្លុងភេ លោកបានបញ្ជាក់ថា សិប្បកម្មខាងលើនោះ សុទតែគ្មានច្បាប់នោះទេ តែលោកធ្លាប់មកបង្ក្រាបម្តងដែរ តែបរាជ័យ ព្រោះពិបាកក្នុងការបង្ក្រាបណាស់ ពេលមានប្រជាពលរដ្ឋ ក៌ដូចអ្នកសារព៌ត៌មានរាយការណ៍មកថា មានសិប្បកម្ម ពីរកន្លែងធំៗ មានឈើខុសច្បាប់ គរស្តុកជាច្រើន ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ដែលមានម្ចាស់ឈ្មោះម៉ឹង រដ្ឋា និងឈ្មោះស៊ីម នោះជាបងប្អូន នឹងគ្នា បើកសិប្បកម្មធំៗ ដោយគេមិនខ្លាចលោកនោះឡើយ ពេលលោកទៅដល់គេធ្វើព្រងើយ គេថា ធ្វើនេះយកលុយជួយបក្ស ហើយថ្នាក់លើលោកគ្រាន់តែប្រាប់ថា ឲ្យត្រឡប់មកវិញ ។
គួររំលឹកថាៈ ចំពោះសិប្បកម្មទាំងពីរខាងលើ អ្នកសារព៌ត៌មាន ធ្លាប់រាយការណ៍ និងផ្ញើរូបភាពជូន លោកសន សារឿន អភិបាលនៃគណៈអភិបាលស្រុក ថាឡាបរិវ៉ាត់ តាមរយះ WhatsAPP តែលោកបានឆ្លើយមកវិញ បានត្រឹមតែអរគុណប៉ុណ្ណោះ ចំណាត់ការ ឬមិនចំណាត់ការយ៉ាងណានោះ ក៏លោកអភិបាលមិនបានបញ្ជាក់ថែមទៀតដែរ ប្រហែលជាលោកម៉ឹង រដ្ឋា និងលោកស៊ីម ពីរនាក់បងប្អូននេះ គាត់រកស៊ីជួយបក្សមែនហើយមើលទៅ ដំណើរការបក្ស រួមនឹងការអភិវឌ្ឍគ្រប់វិស័យ ដំណើរការទៅបាននោះ ក៏ព្រោះមានលោកម៉ឹង រដ្ឋា ម្នាក់គត់ រួមនឹងប្អូនរបស់គេម្នាក់ទៀត ឈ្មោះស៊ីម រកស៊ីបទល្មើស បើកសិប្បកម្មឈើនេះយកលុយជួយបក្ស ទើបដំណើរការទៅបានតើមែនទេ? តើដីព្រៃឈើរបស់រដ្ឋ ដែលជាធនធានធម្មជាតិទាំងមូល ក្នុងស្រុកថាឡាបរិវ៉ាត់ ត្រូវរលាយក្រោមស្នាដៃពីរនាក់បងប្អូននេះជាក់ជាពំខាន សូម្បីតែជំនាញមេព្រៃលោកក៏ ខ្លាចអំណាច លោកស៊ីម និងលោកម៉ឹង រដ្ឋា មិនហ៊ានបង្ក្រាបដែរ ៕ មាស សុផាត