ព័ត៌មានទាន់ហេតុការណ៍៖

ទាហានចិនប្រើប្រាស់ម៉ាស៊ីនប្រឆាំងការនិយាយកុហក់ដើម្បីជ្រើសរើសកម្លាំងថ្មី

ចែករំលែក៖

កម្លាំងទាហានចិន កំពុងតែប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រឆាំងនឹងការនិយាយកុហក់ សម្រាប់ជ្រើសរើសបុគ្គលិកបម្រើការក្នុងជួរកងទ័ព (មិនធ្វើសង្គ្រាម) ដោយសង្ឃឹមថា នឹងលុបចោលឈ្មោះបុគ្គលណា ដែលមានទស្សននយោបាយ ផ្ទុយ ឬ មិនស្មោះត្រង់ជាមួយកងទ័ព ។

សារព័ត៌មាន SCMP នៅថ្ងៃទី១០ ខែធ្នូ បានផ្សាយថា ទីបញ្ជាការកងទ័ពបដិវត្តន៍ ប្រជាជនចិន PLA កំពុងតែប្រើប្រាស់ឧបករណ៍វាស់ចង្វាក់បេះដូង ឈាម … រួមជាមួយបច្ចេកវិទ្យា អាចដឹងពីការនិយាយកុហក់ ពេលត្រួតពិនិត្យឲ្យចូលបម្រើ ក្នុងជួរកងទ័ព បើទោះបី មិនមែនជាទ័ពប្រយុទ្ធ ក្នុងសមរភូមិក្តី ។

តាមការប្រកាសផ្លូវការលើបណ្តាញសង្គម WeChat របស់ទីបញ្ជាការកងពលភាគខាងត្បូង នេះជាការសាកល្បងប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការជ្រើសរើសបុគ្គលិកបម្រើក្នុងវិស័យយោធា ។

ទន្ទឹមនឹងនោះ បេក្ខភាពដែលប្រឡងចូលបម្រើយោធា គឺត្រូវឆ្លងកាត់ការប្រឡងផ្នែកនយោបាយ និងសំណួរ ស្តីពីភាពស្មោះត្រង់ជាមួយយោធា ហើយការជ្រើសរើសលើកនេះ មានការសាកល្បងប្រើប្រាស់ ម៉ាស៊ីនឆ្លាត់វៃ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ។

កម្លំាងទាហានប្រចាំនៅភូមិភាគខាងត្បូង បានប្រើប្រាស់នូវបច្ចកវិទ្យាទំនើប ក្នុងការជ្រើសរើស ដើម្បីបំពេញទៅតាមសំណើចង់បាន របស់ប្រធានាធិបតី ស៊ី ជីងពីង ។ អ្នកឯកទេសវិភាគយោធា លោក Antony Wong Dong មានទីតាំងនៅម៉ាកាវ បានបញ្ជាក់ថា នៅពេលដែលបេក្ខភាព ឆ្លងកាត់ការត្រួតពិនិត្យ ពីភាពស្មោះត្រង់ ដោយម៉ាស៊ីន មិនមានន័យថា ពួកគេនឹងស្មោះត្រង់ ក្រោយចូលបម្រើ ក្នុងជួរកងទ័ពនោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖