ការបាញ់ប្រហារ នៅតាមសាលារៀន នៅអាមេរិក គឺជាក្តីកង្វល់បំផុតរបស់ពលរដ្ឋគ្រប់រូប ដោយនៅសាលារៀនគឺមានកូនចៅរបស់ខ្លួនទៅរៀងនៅទីនោះ ។ តាមរបាយការណ៍នៅឆ្នាំ២០១៨ ការបាញ់ប្រហារនៅសាលារៀនមានរហូតដល់៩៤លើក ។
នៅថ្ងៃទី ១០ ខែធ្នូ អង្គការ Sandy Hook Promiseបានប្រកាសនៅក្នុងរបាយការណ៍ស្តីពីអ្នកស្លាប់ ដោយការបាញ់ប្រហារនៅតាមសាលារៀនកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០១៨ គឺខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក ។
អង្គការ Sandy Hook Promiseដែលជាអង្គការក្រៅរដ្ឋាភិបាល បានដកស្រង់របាយការណ៍ស្រាវជ្រាវ របស់មហាវិទ្យាល័យទាហានជើងទឹកអាមេរិក NPSបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ មានការបាញ់ប្រហារ នៅសាលារៀនរហូតដល់ទៅ៩៤ករណី គឺកើនឡើង៦០ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០០៦ ។ លោក Nicole Hockley អ្នកបង្កើតអង្គការ Sandy Hook Promise បានបញ្ជាក់ថា «អំពើហិង្សា ពាក់ព័ន្ធនឹងកាំភ្លើងនៅសាលារៀន គឺមិនអាចទទួលយកបានឡើយ ។ មនុស្សគ្រប់រូបអាចរារាំងឲ្យបាន មុនអំពើហិង្សាប្រដាប់អាវុធកើតឡើង» ។
ការបាញ់ប្រហារនៅសាលារៀនទ្រង់ទ្រាយធំបំផុត មាន២លើកនៅក្នុងឆ្នាំនេះ គឺការបាញ់ប្រហារនៅសាលាវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida សម្លាប់មនុស្ស១៧នាក់ និងការបាញ់ប្រហារនៅសាលាអនុវិទ្យាល័យ Santa Fe ក្នុងរដ្ឋតិចសាស់ សម្លាប់មនុស្ស១០នាក់ ភាគច្រើនជាសិស្ស ។
អង្គការ Sandy Hook Promise ត្រូវបានបង្កើតឡើង ដោយអាណាព្យាបាលពីររូប ក្រោយមានការបាញ់ប្រហារនៅសាលាបឋមសិក្សា Sandy Hookក្នុងតំនប់Newtownរដ្ឋ Connecticut កាលពីឆ្នាំ២០១២ សម្លាប់សិស្ស មត្តេយ្យ២០នាក់ និងបុគ្គលិក៦នាក់ រួមទាំងម្តាយ ជនដៃដល់ ៕ ម៉ែវ សាធី