ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ លួចទូរស័ព្ទដៃត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយពីជនសង្ស័យខាងលើឈ្លាតពេល ដែលម្ចាស់តូបលក់ទូរស័ព្ទមិននៅបានធ្វើសកម្មភាពលួចទូរស័ព្ទដៃអស់ជាច្រើនគ្រឿង កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចតូបលក់ទូរសព្ទ័របស់ឈ្មោះ ពៅ សេងហុង ស្ថិតក្នុងភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ ចេក កៅដេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ នី រ៉ាត់ ហៅឌុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ស្រី ចាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ពៅ សេងហុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរសព្ទ័ដៃ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ ដោយឡែកវត្ថុតាងដកបាត់បង់មានទូរសព្ទ័ដៃសរុបចំនួន៥៧គ្រឿង និងប្រាក់ដុល្លារចំនួន១៨០ដុល្លារសហរដ្ឋអាមេរិក ហើយវត្ថុតាងដកហូតមកវិញចំនួន៥គ្រឿង ។

ប្រភពដដែលបន្ដថា នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២០យប់ ជនរងគ្រោះបានបិទទ្វារ និងចាក់សោរតូបលក់ទូរសព្ទ័របស់ខ្លួន ហើយបានទៅដេកនៅផ្ទះខាងប្រពន្ធ ដែលមានចំងាយប្រហែល៣០០ម៉ែត្រ ។ លុះព្រឹកឡើងថ្ងៃទី៥ ខែឆ្នាំដដែលវេលាម៉ោង៦ ជនរងគ្រោះត្រឡប់មកវិញបើកទ្វារតូប ស្រាប់តែឃើញមានស្នាមឆ្កិះសោរ រួចដើរមើលទៅខាងបង្អួចឃើញបង្អួចរបើក ហើយបានចូលទៅក្នុងតូបមានស្នាមគាស់ទូរបាត់ទូរសព្ទ័អស់ជាច្រើនគ្រឿង ភ្លាមនោះជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីស្រាវជ្រាវតាមរកជនសង្ស័យយកមកចាត់ការតាមច្បាប់ ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានស៊ើបអង្កេតរហូតកំណត់មុខសញ្ញាច្បាស់ នៅថ្ងៃទី៨ ខែឆ្នាំដដែលសមត្ថកិច្ចបានកោះហៅជនសង្ស័យ២នាក់ខាងលើ យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ទាំងពីរបានសារភាពថា ខ្លួនពិតជាបានចូលលួចទូរសព្ទ័ដៃរបស់ជនរងគ្រោះប្រាកដមែន ហើយលួចបានទូរស័ព្ទចំនួន១០គ្រឿង បន្ទាប់ពីលួចបានខ្លួនយកទូរស័ព្ទនោះចែកគ្នា៣នាក់ ដោយឈ្មោះ ចេក កៅដេត យកចំនួន៤គ្រឿង ឈ្មោះស្រី ចាន់ធី ចំនួន៣គ្រឿង និងឈ្មោះ នី រ៉ាត់ បានចំនួន៣គ្រឿង ។ ក្រោយពីចែកគ្នារួច ពួកគេទាំង៣នាក់យកទូរស័ព្ទនោះទៅលក់នៅរាជធានីភ្នំពេញ ដោយបានប្រាក់ដុល្លារចំនួន៩០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន២០០,០០០រៀល ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖