ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺខ្យល់គរ កំពុងអង្គុយលើកៅអីហូបបាយស្រាប់តែធ្លាក់បាក់កស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើកៅអីបាក់កស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយហូបបាយជុំគ្នាជាមួយម្តាយ ។

ហេតុការណ៍​នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ឆេង សុខុម ភេទប្រុស អាយុ ៤៣ឆ្នាំ ជាបុរសកម្លោះចាស់ រស់នៅតែពីរនាក់ម្តាយ ឈ្មោះ ឆេង កេត អាយុ៦២ឆ្នាំ នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

តាមសម្តីជាម្តាយបានឲ្យដឹងថា ការរស់នៅពីរនាក់ម្តាយ កូន ក្នុងស្ថានភាពជីវភាពក្រីក្រ ដោយអាណិតម្តាយ កូនប្រុសខាងលើ សុខចិត្តមិនគិតថារកប្រពន្ធ ម្យ៉ាងជីវភាពក្រីក្រផង សុខចិត្តខំធ្វើការងារជាកម្មករសំណង់ បានប្រាក់គ្រាន់ចិញ្ចឹមម្តាយ តែមួយរយៈមកនេះ កូនប្រុសរូបនេះ ធ្លាក់ខ្លួនឈឺ ការងារត្រូវបានឈប់សម្រាកជាបណ្តោះអាសន្នសិន ហើយការរស់នៅ បានដោយអ្នកជិតខាង និងសាច់ញាតិ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ខណៈដែលកំពុងហូបបាយជុំគ្នា២នាក់ម្តាយ កូន ស្រាប់តែកូនប្រុស កើតមានអការ ខ្យល់គរ ដួលដាច់ផ្ងារ ស្លាប់ភ្លាមៗ រកតែជួយយកទៅពេទ្យមិនទាន់ផង រួចបាន ត្រូវបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយ ដឹកយកទៅតំកល់ នៅវត្តពោធិចិនតុង ទាំងយប់ ដោយមិនទាន់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមទេ រវល់តែនឹកស្រណោះយំឱបសពកូន រហូតដល់ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ និងស្នើសុំលិខិតបញ្ជាក់មរណភាព ដើម្បីរៀបចំធ្វើបុណ្យ ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ខណ្ឌ ពិនិត្យ កោសល្យវិច័យ រួចឃើញថាពិតជាស្លាប់ដោយជំងឺខ្យល់គរ រួចប្រគល់ឲ្យម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិចិនតុង ៕ សុខាសែនជ័យ


ចែករំលែក៖