ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារតែខ្វះកាល់ស្យូម… ទើបសិស្សសាលាវិទ្យាល័យថ្មគោលដួលសន្លប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាយកសាលា និងប្រធានការិយាល័យអប់រំស្រុកថ្មគោល បានប្រកាសថា ករណីសិស្សសាលាជាង ៦០នាក់ បានដួលសន្លប់ នៅវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង កាលពីប៉ុន្មានថ្ងៃមុននេះ គឺបណ្តាលមកពីសិស្សទាំងនោះ ភាគច្រើន ខ្វះជាតិកាល់ស្យូម អត់ងងុយ ហូបមិនគ្រប់គ្រាន់ ជាដើម។

កាលពីថ្ងៃទី០៦ និងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សិស្សវិទ្យាល័យថ្មគោល ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានកើតអាការៈ វិលមុខ ដួលសន្លប់ជាបន្តបន្ទាប់គ្នា សរុប ៦៦នាក់ ក្នុងនោះ មានស្ត្រី ៦៥នាក់។ ពោលគឺកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីសន្លប់ ២នាក់ និងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សន្លប់ ៦៤នាក់។

លោក ហ៊ីង ស៊ុនថារិទ្ធ នាយកវិទ្យាល័យថ្មគោល បានសរសេរក្នុងលិខិតជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ថា “បន្ទាប់ពីកើតហេតុ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សហការជាមួយនឹងអាជ្ញាធរដែនដី បានដឹកជញ្ជូនសិស្ស ទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុកថ្មគោល ទាន់ពេលវេលា។ តាមការស្រាវជ្រាវជាបឋម របស់លោកគ្រូពេទ្យ បានបញ្ជាក់ថា បណ្តាលមកពីខ្វះជាតិកាល់ស្យូម អត់ងងុយ ហូបមិនគ្រប់គ្រាន់…។ល។”

ដោយឡែក លោក អួន ប៊ុនជៀន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា បានសរសេរក្នុងរបាយការណ៍ ស្តីពីឧបទ្ទវហេតុកើតឡើង នៅវិទ្យាល័យថ្មគោល ជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ថា បន្ទាប់ពីកើតឧបទ្ទវហេតុសិស្សសាលាសន្លប់ នៅវិទ្យាល័យថ្មគោល តាមការស្រាវជ្រាវបឋម របស់គ្រូពេទ្យ បានបញ្ជាក់ថា ភាគច្រើន បណ្តាលមកពីខ្វះកាល់ស្យូម…៕


ចែករំលែក៖