ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ នៅខណ្ឌទួលគោក​ ខណៈម្ចាស់​ចាក់សោចោល

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះល្វែង​មួយល្វែង ខាងក្រោមធ្វើអំពីថ្ម រីឯជាន់ទី១ធ្វើបន្ទប់​ឈើ​ប្រកស័ង្កសី​ ត្រូវបានអគ្គិភ័យ​ឆេះ​ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ កាលពីវេលាម៉ោង​៧និង៣០​នាទី​យប់​ ថ្ងៃទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ផ្ទះ​លេខ​៣៧H ផ្លូវ​លំ​ ជាប់ខាងក្រោយ​របង​វិទ្យាល័យ​ឥន្ទ្រទេវី​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក ខណៈដែល​ម្ចាស់បាន​ចាក់សោចោល ។

តាមប្រភពព័ត៌មាន​ពី​សាក្សីនៅ​​កន្លែង​កើត​ហេតុ ​បានឲ្យដឹងថា​ មុនពេលកើតហេតុ គឺម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ ​បានចាក់សោរទុកចោល​មិនមានអ្នក​នៅនោះទេ​ ​ព្រោះម្ចាស់ផ្ទះពីមុនបានលក់ផ្ទះខាងលើឲ្យទៅគេ ។ លុះនៅមុន​ពេល​កើត​ហេតុ​គេឃើញស្ត្រីម្នាក់​ ដែលត្រូវ​ជា​កូនស្រីរបស់​អតីត​ម្ចាស់ផ្ទះ​ បានឡើងតាម​ជណ្ដើរ​ដែលនៅ​ចំហៀង​ផ្ទះ​ចូលទៅ​សម្រាកនៅក្នុង​បន្ទប់​ឈើ​ប្រកស័ង្កសី​ ទំហំ​ប្រមាណ​២ម៉ែត្រ​គុណ​និង៥ម៉ែត្រ​ ដែល​​នៅ​ខាង​លើ​ដំបូល​ផ្ទះ​កើតហេតុ​ ហើយបានប្រមាណមួយម៉ោង​ក្រោយ​មក​ស្ត្រី​ខាងលើ​នោះ ក៏បានដើរ​ចុះ​មក​​ចេញពី​កន្លែង​កើត​ហេតុ​បាត់ទៅ​ ។ ស្រាប់តែដល់វេលាម៉ោងកើតហេតុ​ក៏​មាន​ធំ​ក្លិន​ឈ្ងៀម​នឹងមាន​ផ្សែង​ចេញ​ពី​បន្ទប់​ដែលនៅ​ខាងលើ​ដំបូល​ផ្ទះ​កើតហេតុ​ខាងលើ​ និងមាន​ជា​អណ្ដាត​ភ្លើង​ឆាបឆេះចេញមក​ ក៏បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​នាំគ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​ពន្លត់​អស់​៤ទៅ៥បំពង់​ តែដោយ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។

ភ្លាមប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ បន្ទាប់​មក​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​ចំនួន​៥គ្រឿង​រួច​ក៏បានធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​បី​គ្រឿង​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ ​។​

ចំពោះ​ករណី​អគ្គិភ័យសមត្ថកិច្ចបញ្ជាក់ថា ​គឺ​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ គ្រាន់តែឆេះបន្ទប់ខាងលើរងការ​ទាំងស្រុង​ ហើយ​ក្នុងករណី​នេះ​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា​គឺបណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី ​៕ស តារា​


ចែករំលែក៖