ខេត្តស្វាយរៀង៖ អ្នកភូមិម្នាក់ ខណៈជិះម៉ូតូតាមផ្លូវ ស្រាប់តែប្រទះឃើញក្មេងស្រី២នាក់បងប្អូនលង់ទឹកប្រឡាយមុខផ្ទះ និងស្រែកហៅគ្នីគ្នាជួយសង្គ្រោះ ប្រញាប់ប្រញាល់រត់មកជួយ និងលើកដាក់លើគោកធ្វើចលនា និងដឹកមកកាន់មន្ទីរពេទ្យជួយបានប្អូន ចំណែកបងអកុសលហួសពេលទៅហើយ ។
ហេតុការណ៍លង់ទឹកប្រឡាយនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៩ ខែធ្នូ ស្ថិតក្នុងភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ក្មេងស្រីដែលជួយសង្គ្រោះទាន់ពេលមានឈ្មោះ ធីតា អាយុ១ខួប ចំណែកបងស្រី ដែលស្លាប់ មានឈ្មោះ គុន កញ្ញា អាយុ២ខួប មានទីលំនៅភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមសាក្សីឈ្មោះគុល សំអ៊ាន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងកាត់មកប្រឡាយខាងមុខផ្ទះក្មេងស្រីខាងលើ ខណៈដែលឪពុកម្ដាយជាប់រវល់នាំគ្នាដើរទៅមើលត្រាក់ទរ័ភ្ជួរដី ចំការចម្ងាយពីផ្ទះប្រមាណ១០០ម៉ែត្រ ហើយមានកាធ្វេសប្រហែសទុកកូននៅផ្ទះភ្លេចខ្លួន ស្រាប់តែរូបគាត់ក្រឡេកឃើញនៅក្នុងប្រឡាយមានក្មេងស្រីទាំង២នាក់ កំពុងឈ្លក់ទឹក ទើបគាត់ស្រែកហៅអ្នកភូមិ និងឪពុកម្ដាយនាំគ្នារត់មកប្រញាប់ប្រញាល់ចុះជួយ និងស្រង់ចេញពីក្នុងទឹក និងធ្វើចលនាដៃជើងដឹកមកកាន់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក ដើម្បីសង្គ្រោះ ប៉ុន្តែអកុសលជួយបានប្អូនស្រី ចំណែកបងមានសភាពធ្ងន់ បានដាច់ខ្យល់បាត់ ធ្វើឲ្យម្ដាយស្រែកយំទាំងសង្វេគ និងក្ដុកក្ដួលបំផុត ។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុករមាសហែកប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន