ភ្នំពេញ៖ជនសង្ស័យប្រុសស្រីចំនួន២នាក់ ធ្វើសកម្មភាពលួចទូរស័ព្ទពីស្ត្រីម្នាក់ហើយព្យាយាមគេចខ្លួនត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកន្លែងតាំងពិព័រណ៍ ប្រគំតន្ត្រី ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយទូរសព្ទដែលជនសង្ស័យលួចម៉ាកiphone 7plus តម្លៃជាង ៥០០ដុល្លារ។
ចំណែកជនសង្ស័យទី១- ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ទី២- ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ រូបគាត់ព្រមទាំងក្រុមគ្រួសាររបស់គាត់ បាននាំគ្នាទៅមើលតាំងពិព័រណ៍ ប្រគំ តន្ត្រី បន្ទាប់មកជនសង្ស័យជាបុរសខាងលើបាន លូកយកទូរសព្ទរបស់ជនរងគ្រោះ និងឲ្យជនសង្ស័យផ្សេងទៀត ។ ពេលជនរងគ្រោះដឹងខ្លួន ពេលដឹងថាបាត់ក៏បានដើររកជនសង្ស័យ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងលូកលួចយកទូរសព្ទម្នាក់ទៀត ហើយនៅពេលនោះដែរ ត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋឃាត់បាន២នាក់ ហើយប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់បានជនសង្ស័យលួចទូរសព្ទដៃ បាន២នាក់ហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស៊ើបអង្កេត រកមុខសញ្ញាលួចបន្ថែមទៀតនិង ចាត់ការតាមនិតិវិធីច្បាប់៕ សុខាសែនជ័យ