ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជលផលចាប់បានអ្នកឆក់ត្រី៥នាក់ នៅក្នុង២ករណីផ្សេងពីគ្នានៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យកំពុងធ្វើសកម្មភាពឆក់ត្រីចំនួន៣នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទធ្វើការចាប់ឃាត់ខ្លួនបាន នៅចំណុចក្បាលកោះហូរ ក្នុងភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងករណីទី២ សមត្ថកិច្ចសង្កាត់ជលផលប្រឡាយមាស ចាប់បានជនល្មើ សឆក់ត្រី២នាក់ រួមនិងវត្ថុតាង នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ។ ការបង្ក្រាបបទល្មើសឆក់ត្រី២ករណីនេះនេះ ត្រូវបានធ្វើឡើងនៅល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ។

លោក ឃឹម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបាននិយាយអោយដឹងថា៖ នៅវេលាខាងលើ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានចេញធ្វើការល្បាតនៅតាមគោលដៅរបស់ខ្លួ នក៏ប្រទះឃើញជនល្មើសចំនួន៣នាក់ កំពុងបើកកាណូតបាឡាស្មាច់ធ្វើសកម្មភាពឆក់ត្រីដោយខុសច្បាប់ នៅចំណុចខាងលើហើយសមត្ថកិច្ចក៏ប្រដេញតាមចាប់ខ្លួនពួកគេទាំង៣នាក់បាន រួមនិងវត្ថុតាងនាំមកកាន់ផ្នែកជលផលកំពង់ប្រាសាទ ។

លោក ឃឹម ឡុង បានបញ្ជាក់ថា៖ ជនល្មើសទាំង៣នាក់ មាន១.ឈ្មោះ អ៊ាន ឡូត អាយុ២៩ឆ្នាំ , ២ឈ្មោះ យ៉េន យ៉ាន អាយុ១៩ឆ្នាំ និង៣.ឈ្មោះ ជិន សុខយ៉េង អាយុ១៨ឆ្នាំ ពួកគេទាំង៣នាក់រស់នៅក្នុងភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖ អាំងវ៉ាត់ទ័រឆក់១គ្រឿង អាគុយ៤០អំពែរ២គ្រឿង បាឡាស្មាច់មួយគ្រឿង បំពាក់ម៉ាស៊ីនជ្រែងមួយគ្រឿង និងត្រីចំនួន២គីឡូ ផងដែរ ។

ដោយឡែក លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងដែរថា សមត្ថកិច្ចសង្កាត់ជលផលប្រឡាយមាស ក៍ចាប់បានអ្នកឆក់ត្រីចំនួន២នាក់ និងវត្ថុតាងផងដែរនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលវត្ថុតាងរួមមាន ៖ អាំងវ៉ាត់ទ័រឆក់១គ្រឿង កន្ត្រងឆក់១ អាគុយ៧០អំពែរ១គ្រឿង បាឡាស្មាច់១គ្រឿង ដោយមានបំពាក់ម៉ាស៊ីនរថយន្ត១គ្រឿងផងដែរ។

ជនល្មើសទាំង៥នាក់នេះរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនខ្លួនមកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដើម្បីចាត់ការបន្តបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសតាមច្បាប់ ដោយពួកគេទាំង៥នាក់ត្រូវប្រឈមនឹងការផ្តន្ទាទោស ជាប់ពន្ធនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ តាមច្បាប់ស្ដីពីជលផល ៕ ចន្ថា


ចែករំលែក៖