ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អង្គការស៊ីអាយបិទអាតូច ព្រលែងអាធំ

ចែករំលែក៖

អង្គការស៊ីអាយដែលមានទីតាំងនៅចំណុចទឹកចេញ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ៥៥ ត្រូវគេរាយការណ៍ថា បាន​ ដាក់ការគាបសង្កត់ ហាក់ដូចជាត្រឹមត្រូវ​ក្នុងកិច្ចការរបស់ខ្លួន ប៉ុន្តែបើតាមប្រជាពលរដ្ឋ ក្នុងតំបន់មើលឃើញថា មេដឹកនាំអង្គការនេះមានពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយ ពួកអ្នករកស៊ីធំៗ ពោលគឺឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមរថយន្តធំៗ ហើយដាក់ការ គាបសង្កត់ចំពោះប្រជាពលរដ្ឋដែលរកស៊ីអនុផលព្រៃឈើតិចតួច ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខអង្គការស៊ីអាយ ដែល មានទីតាំងខាងលើប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ១០០នាក់ បានផ្ទុះការតវ៉ាប្រឆាំង ចំពោះក្រុមអង្គការក្រៅរដ្ឋាភិបាលស៊ីអាយ ដែលជាញឹកញាប់តែងតែគាបសង្កត់ក្នុង ការទាមទាររកផលប្រយោជន៍ពីបងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីដឹកអនុផលព្រៃឈើ តិចតួច ។ ផ្ទុយទៅវិញគេមិនដែលឃើញមន្ត្រីនៃអង្គការស៊ីអាយចាត់វិធានការចំពោះ រថយន្តធំៗ ឆ្លងមុខដែនសមត្ថកិច្ចនោះឡើយ ។ ប្រការនេះធ្វើឲ្យពលរដ្ឋក្នុងតំបន់មាន ការសង្ស័យថា លោកថន ប៊ុនថេត ប្រធានស្នាក់ការអង្គការស៊ីអាយប្រចាំតំបន់ខាងលើ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីណាមួយជាមួយក្រុមអ្នករកស៊ីធំៗ ។

បើតាមប្រភពរាយការណ៍ថា ប្រជាពលរដ្ឋរកស៊ីដឹកអនុផលតិចតួច ក៏ត្រូវក្រុមអង្គ ការស៊ីអាយបង្ខំឲ្យបង់ប្រាក់ដែរ ។ ក្រុមប្រជាពលរដ្ឋនិយាយថា លោក ថន ប៊ុនថេត បានចាត់តាំងកម្លាំងឲ្យចាំយកលុយពីបងប្អូនពលរដ្ឋដឹកអនុផលព្រៃឈើតិចតូច ហើយ នៅពេលដែលមានការតវ៉ា ទើបធ្លាយមានការខ្សឹបខ្សៀវថា ក្រុមអង្គការស៊ីអាយនេះ មិនមែនជាអ្នកធ្វើការការពារព្រៃឈើនោះទេ ។ ផ្ទុយទៅវិញគឺជាអ្នកដែលឃុបឃិតជា មួយពួកឈ្មួញធំៗ ដើម្បីផលប្រយោជន៍ពួកខ្លួនតែប៉ុណ្ណោះ ៕


ចែករំលែក៖