ព័ត៌មានទាន់ហេតុការណ៍៖

សំណង់ឯកជនសង់រំលោភស្រះអន្លង់ក្រពើជិតបាត់ស្រមោល ទើបតែឃើញរដ្ឋបាលក្រុងព្រះសីហនុចេញមកទប់ស្កាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះដកហូតសម្ភាររបស់ការដ្ឋានសំណង់មួយចំនួន ដែលសង់រំលោភមាត់អូរ នៅអន្លង់ក្រពើ ស្ថិតក្នុងសង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ។ សម្ភារទាំងអស់នោះ ត្រូវបានមន្ត្រីជំនាញ និងកម្លាំងប្រជាការពារយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ មិនបានបញ្ជាក់ថា តើម្ចាស់សំណង់ដែលសង់សំណង់រឹងមាំ ឬសង់អគារធំស្កឹមស្កៃ រំលោភដីចំណីមាត់អូរ នៅចំណុចអន្លង់ក្រពើ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវច្បាប់ផ្តន្ទាទោស ឬតម្រូវឱ្យធ្វើកិច្ចសន្យាបែបណានោះទេ ដោយគ្រាន់តែបញ្ជាក់ខ្លីថា បានរឹបអូសយកសម្ភារសំណង់មួយចំនួនតែប៉ុណ្ណោះ។

កន្លងមកថ្មីៗនេះ មានមតិមហាជនមួយចំនួនឈឺចិត្តពេក បានលើកឡើងថា ឲ្យវារលាយហិនហោចឆាប់ៗទៅ កុំខ្វល់ច្រើន សម្បត្តិសាធារណៈរបស់រដ្ឋ ឬធនធានធម្មជាតិដែលនៅសេសសល់មានដូចជា ត្រពាំង បឹង អូរធម្មជាតិ ព្រៃឈើ និងដីព្រៃកោងកាង នៅខេត្តព្រះសីហនុនេះ។

ចំពោះបញ្ហានេះ ប្រជាពលរដ្ឋ និងសាធារណជន មានចម្ងល់ ឬលើកជាសំណួរបែបចំអកថា តើការបាត់បង់ស្រះ ឬអន្លង់ក្រពើ ដែលជាអាងស្តុកទឹក ឬជាអូរធម្មជាតិ ត្រូវបុគ្គលមួយចំនួន ចាក់ដីលុប និងបានសង់សំណង់រឹងមាំ ធ្វើកម្មសិទ្ធិឯកជនដោយរលូនរាល់ថ្ងៃនេះ តើជាកំហុស របស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ឬជាកំហុសអ្នករំលោភ? ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានលើកជាសំណួរថា ហេតុអ្វីបានជា ថ្នាក់ដឹកនាំនៅតាមមន្ទីរ ស្ថាប័នរដ្ឋនានាក្នុងខេត្តព្រះសីហនុ មិនរួមសហការគ្នាថែរក្សា ធនធានធម្មជាតិទាំងនោះឱ្យបានគង់វង្ស ប៉ុន្តែផ្ទុយទៅវិញបែរជា បានចូលដៃចូលជើងបំផ្លាញធនធានទាំងអស់នោះឱ្យរលាយហិនហោចបែបនេះទេ។

ងាកមកស្រះ ឬអន្លង់ក្រពើឯណោះវិញម្តង គឺថាស្រះស្តុកទឹក ដែលមានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ខាងលើនេះ គឺថាស្រះឬអូរធម្មជាតិជាយូលង់ហើយ តែពេលនេះត្រូវបានគេចាក់ដីលុប សាងសង់ជាសំណង់រឹងមាំ និងបានក្លាយជាអគារជួលទាំងស្រុងអស់ទៅហើយ។

ប្រភពព័ត៌មានមួយបានឱ្យដឹងថា ស្រះអន្លង់ក្រពើនេះកន្លងមកត្រូវបានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងអាណត្តិទី១ បានប្រជុំអនុម័តដាក់ជាដីបម្រុងទុករបស់រដ្ឋ។ ត្រង់ចំណុចនេះពលរដ្ឋលើកជាចម្ងល់ទៀតថា បើយ៉ាងដូច្នេះទៅហើយ ចុះហេតុម្ដេចបានជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ បានរួមឃុបឃិតគ្នាកែច្នៃឲ្យស្រះទឹកស្តុកទឹក ឬអូរធម្មជាតិខាងលើនេះ ក្លាយទៅជាកម្មសិទ្ធិរបស់បុគ្គលឯកជនបានដោយរលូនបែបនេះទៅវិញ? ៕ ឆ្លាម សមុទ្រ


ចែករំលែក៖