ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនាបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាអំពីការសម្ពោធវិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នឹងដឹកនាំក្រុមការងារអន្តរក្រសួងបន្តពិភាក្សាអំពី ដំណើការសម្ពោធវិមានឈ្នះឈ្នះ និងប្រារព្ធខួបអនុស្សាវរីយ៍ទិវា២០ឆ្នាំនៃគោលនយោបាយឈ្នះ ឈ្នះ(១៩៩៨-២០១៨) ខណៈកម្មវិធីនេះនៅសល់តែ១៨ថ្ងៃទៀតនឹងត្រូវប្រារព្ធហើយនោះ។

យោងតាមរបៀបវារៈរបស់ក្រសួងការពារជាតិផ្សព្វផ្សាយនៅព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះបានឲ្យដឹងថា សម្តេចពិជ័យសេនានឹងដឹកនាំប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់ពិធីសម្ពោធវិមាន ឈ្នះឈ្នះ និងអបអរសាទរលើកទី២០ នៃទិវានយោបាយឈ្នះ ឈ្នះដែលនឹងត្រូវប្រព្រឹត្តទៅចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខននេះ។

សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមាននេះតំណាងឲ្យវរៈភាពរបស់សមមិត្តហ៊ុន សែនដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុល ពត។ មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមកនិងក៏ទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈកំពុងចុះត្រួតពិនិត្យនៃការសាងសង់វិមាន ឈ្នះឈ្នះនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការសម្ពោធវិមាន ឈ្នះឈ្នះដែលនឹងប្រព្រឹត្តិនៅចុងខែធ្នូឆ្នាំ២០១៨ខាងមុខនេះនឹងធ្វើឡើងប្រកបដោយអធិកអធម្មបំផុតដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ខណៈវិមាននេះប្រៀបបានដូចជាជង្រុកដ៏ធំមួយសម្រាប់ផ្ទុកនៅឯកសារសន្តិភាពរបស់កម្ពុជាទាំងមូលនោះ។

ទាក់ទងនឹងវិមាន ឈ្នះឈ្នះនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមាន ឈ្នះឈ្នះ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិបានថ្លែងឲ្យដឹងថាវិមាន ឈ្នះឈ្នះនឹងក្លាយជាសារៈមន្ទីរជាប្រវត្តិសាស្រ្តយ៉ាងសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ហើយវិមាននេះក៏បង្កបដោយអត្ថន័យជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា រូបចម្លាក់ដែលឆ្លាក់ជុំវិញវិមាននេះមានដូចជាសត្វដំរី. នាគ. ហង្ស.គ្រុឌ.តោ និងសត្វជាច្រើនទៀតរាប់រយផ្ទាំងហើយរូបសត្វទាំងនោះគឺសុទ្ធតែឆ្លាក់មានស្លាប តំណាងឲ្យសត្វទេព្យដូចរូបចម្លាក់នៅព័ទ្ធជុំវិញនៃប្រសាទសំបូរព្រៃគុហ៍យ៉ាងដូច្នេះដែរ៕ ហេង សូរិយា


ចែករំលែក៖