ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី២នាក់បងប្អូនលង់ទឹកប្រឡាយស្លាប់ខណៈតាមម្ដាយមីងយកបាយទៅឲ្យឪពុកម្ដាយនៅបឹង

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្មេងស្រី២នាក់បងប្អូនតាមម្ដាយមីងរបស់ខ្លួន យកបាយសម្លរទៅឲ្យឪពុកម្ដាយនៅបឹងកំពុងច្រូតស្រូវ បានចុះលេងទឹកក្នុងប្រឡាយ បណ្ដាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្ដង ។ ករណីខាងលើនេះបង្កការភ្ញាក់ឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះលង់ទឹកស្លាប់មាន២នាក់ ទី១-ឈ្មោះ ប៉ិច រក្សា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ប៉ិច រម្យនា ភេទស្រីអាយុ៤ឆ្នាំ ។ ក្មេងស្រីរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនឹងគ្នា មានទីលំនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កន្លងមកក្មេងស្រីរងគ្រោះទាំង២នាក់រស់នៅក្នុងបន្ទុកជាម្ដាយឪពុកនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ដោយរយៈពេល៣ថ្ងៃនេះ ម្ដាយឪពុកក្មេងស្រីរងគ្រោះរវល់ដើរសម្អាងការពេក ហើយគ្មានអ្នកណាមើលកូនរបស់ខ្លួនបាន ក៏យកូនស្រីរបស់ខ្លួន(ក្មេងស្រីរងគ្រោះ)ទៅផ្ញើរម្ដាយឪពុកនៅឯភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ។ លុះមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ ក្មេងស្រីរងគ្រោះទាំង២នាក់បានតាមម្ដាយមីងរបស់ខ្លួនយកបាយសម្លរទៅឲ្យម្ដាយឪពុក(ត្រូវជាតាយាយក្មេងស្រីរងគ្រោះ)នៅបឹងដែលកំពុងច្រូតស្រូវ លុះមកដល់ចំណុចប្រឡាយទឹកម្ដាយមីងក្មេងស្រីរងគ្រោះបានឲ្យក្មេងស្រីរងគ្រោះទាំង២នាក់រួមទាំងកូនរបស់ខ្លួនឲ្យឈរចាំលើមាត់ប្រឡាយ ហើយខ្លួនយកបាយសម្លរទៅឲ្យម្ដាយឪពុក លុះត្រឡប់មកវិញស្រាប់តែឃើញតែកូនរបស់ខ្លួនហែលទឹកខ្វៃៗក្នុងប្រឡាយ រីឯក្មេងស្រី២នាក់ទៀតបានលង់ទឹកស្លាប់ក្នុងឡាយជាមួយគ្នា ភ្លាមនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យសាកសពនិងកន្លែងកើតហេតុ ។

ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានករណីខាងលើរួច ភ្លាមនោះកម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ក្រោយពីធ្វើការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះទាំង២នាក់នោះទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖