ព័ត៌មានទាន់ហេតុការណ៍៖

ចោរផ្ទុះអាវុធ៥គ្រាប់ របួសប្រជាការពារម្នាក់ ក្នុងអំពើប្លន់យកគោសំរិទ្ធនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាការពារម្នាក់បានរងរបួសត្រូវនឹងគ្រាប់កាំភ្លើង ក្នុងពេលចុះទៅជួយធ្វើអន្តរាគមន៍ម្ចាស់ផ្ទះ ក្នុងពេលដែលជនសង្ស័យមួយក្រុម បានសម្រុកចូលទៅប្លន់យកដល់គោសំរឹទ្ធិ ពីសំណាក់ម្ចាស់ផ្ទះ ។ ហេតុការណ៍ប្លន់យកគោសំរិទ្ធនេះ គឺបានកើតឡើង នៅវេលាម៉ោង៩និង២៩នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម ជិះរថយន្ដ១គ្រឿង បានសម្រុកចូលប្លន់ម្ចាស់ផ្ទះ ឈ្មោះ ស៊ុយ គឹម ភេទប្រុស អាយុ៥២ឆ្នាំ ។ ក្នុងពេលធ្វើសកម្មភាពនោះ ក្រុមជនសង្ស័យបានប្រតាយប្រតប់ជាមួយនឹងម្ចាស់ផ្ទះហើយ ដោយឃើញសភាពបែបនេះ ប្រជាការពារឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បានចូលទៅជួយជនរងគ្រោះដែលជាម្ចាស់ផ្ទះ ។ ពេលដែលចូលទៅក្រុមជនសង្ស័យបានបាញ់សំដៅ៥គ្រាប់មកប្រជាការពារបណ្តាលឲ្យត្រូវចំភ្លៅ១គ្រាប់ ហើយ រងរបួសតែម្តង ។

ប្រភពបានឲ្យដឹងថា ម្ចាស់ផ្ទះមានគោបាធ្វើពីសំរិទ្ធ ប៉ុន្តែក្រុមជនសង្ស័យប្លន់យកមិនបាននោះទេ យកបានតែលុយចំនួន៥ម៉ឺនរៀល និង ទូរស័ព្ទ១គ្រឿងតែប៉ុណ្ណោះ ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង។

ករណីនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់យ៉ាងណានោះនៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ៕ ចន្ថា


ចែករំលែក៖