ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាកុងដែលសមត្ថកិច្ចស្រុកកូនមុំឃាត់បាននោះ ស្រាប់តែលួចដោះលែងស្ងាត់ៗ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្ដធុនធំ បាកុង ម៉ាករ៉េវ ចំនួនប្រាំគ្រឿង ដែលផ្ទុកគ្រឿងម៉ាស៊ីនរ៉ៃ (រណាយន្ត)​ កែឆ្នៃ អារច្រៀកឈើដឹកចេញពីទឹកដីខេត្ដស្ទឹងត្រែង ឆ្លងកាត់ចូលមកទឹកដីខេត្តរតនគីរី ហើយត្រូវកម្លាំងអាជ្ញាធរ ស្រុកកូនមុំស្ទាក់ចាប់ឃាត់ទុក កាលពីវេលាម៉ោងប្រហែល៨និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨
នោះ តែក្រោយមក ស្រាប់តែលេចលឺថា អាជ្ញាធរបានដោះលែងវិញ ដោយស្ងាត់ៗអស់ហើយ នៅព្រឹកថ្ងៃបន្ទាប់ ដោយសារមានការអន្តរាគមន៍ពីមន្ត្រីនគរបាលម្នាក់ថ្នាក់នាយការិយាលយ័នៃស្នងការខេត្ត ។

ប្រភពពីមន្រ្តីនគរបាលស្រុកកូនមុំ បានបងើ្ហបថា
រថយន្ដធុនធំបាកុងចំនួនប្រាំគ្រឿង មានដឹកសម្ភារ:កែច្នៃឈើ ដែលសមត្ថកិច្ចស្រុកកូនមុំឃាត់ទុកនោះ បានដោះលែងវិញ ដោយស្ងាត់ៗអស់ហើយ បន្ទាប់ពីធ្វើការឃាត់ទុកនៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិតាអង ឃុំតឺនក្នុង ស្រុកកូនមុំ ។

ប្រភពបន្តថា រថយន្តទាំងប្រាំគ្រឿងនោះ សមត្ថកិច្ចបានដោះលែងវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានឃាត់បានមួយយប់ ហើយការអន្តរាគមន៍រត់ការពីមន្ត្រីនគរបាលថ្នាក់នាយការិយាលយ័នៃស្នងការខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះ ។

លោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ដែលដឹកនាំកម្លាំងចុះទៅឃាត់ក្បូនរថយន្ដបាកុងខាងលើនោះ បានប្រាប់ក្រុមអ្នកព័ត៌មាននៅពេលចុះបង្ក្រាបបានភ្លាមៗនោះថា រថយន្ដទាំងប្រាំនោះ គឺលោកត្រូវតែរឹបអូសយកទៅសាលាស្រុកកូនមុំ និងកសាងសំណុំរឿងបញ្ជូនទៅឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមផ្លូវច្បាប់ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ប្រាប់ថា មិនឃើញគេបញ្ជូនរថយន្ដចំនួនប្រាំគ្រឿង និងសំណុំរឿងនោះមកនៅឡើយទេ ។

តែក្រោយមកមន្រ្តីប៉ូលិសបានប្រាប់ថា រថយន្ដចំនួនប្រាំគ្រឿង ដែលខាងស្រុកកូនមុំបានឃាត់ទុកនោះ គឺខាងស្រុកបានសម្របសម្រួលដោះលែងវិញហើយ ក្រោយពីឃាត់បានមួយយប់នោះ ។

ការដោះលែងនោះគេសង្ស័យថា អាជ្ញាធរស្រុកអាចចរចាសម្រួលត្រូវរ៉ូវជាមួយម្ចាស់រថយន្ដនោះអស់ហើយមើលទៅនោះ? ៕ ជីវ័ន្ត


ចែករំលែក៖