ទីក្រុងរីយ៉ាដ៖ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង ម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពី “សាមគ្គីភាពឥស្លាម មុននឹងចាប់សន្និសីទនេះ នៅឯទីក្រុងរីយ៉ាដ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញ ជួបពិភាក្សាការ ងារជាមួយ លោក Eng. Yousef Ibrahim Al-Bassam អនុប្រធានមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ(SFD) ក្នុងបំណងស្នើឲ្យមូលនិធិISF បន្ដគាំទ្របង្កលក្ខខណ្ឌយោគយល់ ដើម្បីទទួលបានហិរញ្ញប្បទានសម្បទានដល់កម្ពុជា ជំនួបនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ៤កើតខែមិគ សិរ ឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១១ធ្នូ ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អោយកាន់តែស៊ីជម្រៅ និងជំរុញអំពីលក្ខខណ្ឌលើកលែងផ្សេងៗរបស់ SFD ដល់កម្ពុជា ដើម្បី បានទទួលកម្ចីសម្បទានពីមូលនិធិនេះ ក្នុងគម្រោងអភិវឌ្ឍន៍វិស័យនានា ។
លោក Eng. Yousef Ibrahim បានបញ្ជាក់ថា៖ លោកសូមគាំទ្រជានិច្ចទៅលើគម្រោងសម្បទាននេះ តបនឹងកំណើនសេដ្ឋកិច្ចជាវិជ្ជមានរបស់កម្ពុជាដល់ទៅជាង ៧ភាគរយកំឡុងពេលជាង១ទសវត្សរ៍មកនេះ ហើយលោកនឹងពិនិត្យមើលពីលទ្ធភាពសម្រួលលក្ខខណ្ឌមួយចំនួនទៀត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឈានដល់ការផ្តល់កម្ចីសម្បទាននេះ មកកាន់កម្ពុជា ឲ្យបានជោគជ័យ។
លោកបានរំលឹកថា៖ មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ (SFD) ជាស្ថាប័នសាធារណៈ ក្រោមការដឹកនាំរបស់ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានកញ្ចប់ថវិកាឯករាជ្យ ដែលមានដើមទុនសរុបប្រមាណ ៩ពាន់លានដុល្លារអាមេរិក ។ មូលនិធិ SFD បង្កើតឡើងនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៧៤ និងបានផ្តើមអនុវត្តការសកម្មភាព នៅថ្ងៃទី០១ ខែមិនា ឆ្នាំ១៩៧៥ ដែលផ្តោតសំខាន់ទៅលើការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ ទៅលើគម្រោងអភិវឌ្ឈន៍វិស័យជាអាទិភាពនានា នៅតាមបណ្តាប្រទេសចំនួន ៨២ នៅលើពិភពលោក លើគម្រោងអភិវឌ្ឍន៍ចំនួន ៦០៩ គម្រោង សរុបជាទឹកប្រាក់ឥណទានប្រមាណជាង ១៣ពាន់លានដុល្លារអាមេរិក រួចហើយ ក្នុងនោះប្រទេសនៅអាស៊ីចំនួន ២៩ (អាស៊ានចំនួន៦ ប្រទេស) ដែលទទួលផលពី ឥណទាននេះ សរុបប្រមាណជាង ៥៧៧ លានដុល្លារ ដូចជា៖ ឥណ្ឌូណេស៊ី,វៀតណាម, ម៉ាឡេស៊ី,ថៃ និងហ្វីលីពីន ។
គណៈប្រតិភូមូលនិធិ SFD ក៏ធ្លាប់បានមកទស្សនកិច្ចសិក្សាពីគម្រោងផ្តល់កម្ចីហិរញ្ញប្បទាន នៅកម្ពុជាផងដែរ កាលពីដើមឆ្នាំ២០១៨ ពីថ្ងៃទី២៥-២៧ ខែមករា ក្នុងឱកាសនោះ គណៈប្រតិភួក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស,លោក ហ៊ឹម ឆែម ទេស រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា , លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អេង ហួត តំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងលោក អ៊ឹម សួរ អគ្គលេខាធិការរងតំណាង លោកឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាCDC ផងដែរ ៕ សំរិត