ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យ៣នាក់យកវត្ថុក្លែងក្លាយដែលធ្វើពីសត្វស្រុកថាជាវត្ថុស័កសិទ្ធិធ្វើពីសត្វព្រៃ យកលក់ទៅឲ្យព្រះសង្ឃត្រូវនគរបាលស្រុកពញាឮធ្វើការចាប់ខ្លួនពីបទឆបោក ។ ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចំណុចក្នុងវត្តពោធិកំបោ ភូមិពោធិកំបោ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ រ៉ូន រ៉សេត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២-ឈ្មោះ ជេត សាវឿន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ទី៣-ឈ្មោះ ហ៊ឹម ហ៊ី ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ស៊ុន ហុក ព្រះចៅអធិការវត្តពោធិកំបោ ស្ថិតនៅភូមិពោធិកំបោ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតមាន៖ ម៉ូតូ២គ្រឿង ,ទូរស័ព្ទដៃ៦គ្រឿង ,កូនកាបូបស្ពាយចំនួន១ ,ប្រម៉ាត់សត្វជ្រូកស្រុកចំនួន៥ ,ស្នែងសត្វគោ១ ,ដុំថ្មពណ៌ខ្មៅដុំ ,គ្រាប់អង្កាំ១ថង់តូច ,ម៉ែត្រតូចំនួន១ ,ឆ្អឹងសត្វពណ៌ខ្មៅ១ ,ជញ្ជីងសំរាប់ថ្លឹងត្បូង១ ,ដុំពណ៌ស មានរូបរាងដូចចង្កូមសត្វខ្លាចំនួន៣គូរ (តូច១គូរ មធ្យម១គូរ និងធំ១គូរ) និងអត្ដសញ្ញាណប័ណ្ណចំនួន២សន្លឹក ។
ប្រភពដដែលបន្ដថា អស់រយៈជាង១ឆ្នាំមកហើយ ដែលជនសង្ស័យឈ្មោះ រ៉ូន រ៉សេត បានប្រកបមុខរបរទិញលក់វត្ថុក្លែងក្លាយដែលធ្វើពីឆ្អឹង ,ចង្កូម ,ប្រម៉ាត់…សត្វក្នុងស្រុកថាជារបស់ស័កសិទ្ធិ ដើម្បីលក់ក្នុងតម្លៃថ្លៃ ដោយវត្ថុក្លែងក្លាយទាំងអស់នោះ មានមួយចំនួនជនសង្ស័យបានទិញមនុស្សស្រីម្នាក់រស់នៅស្រែខ្លុង ខេត្តកំពង់ស្ពឺ និងមួយចំនួនទៀតជនសង្ស័យឆ្នៃដោយខ្លួនឯង ។
ក្រោយពីជនសង្ស័យបានវត្ថុទាំងអស់នោះហើយ ជនសង្ស័យបានដើរលក់គ្រប់ទីកន្លែង រហូតមកដល់កំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យបានស្គាល់ឈ្មោះ ជេត សាវឿន មុខរបរគ្រូទាយ និងលក់ថ្នាំខ្មែរ ខណៈដែលជនសង្ស័យផឹកកាហ្វេជាមួយគ្នានៅបឹងត្របែក រាជធានីភ្នំពេញ ។
ចាប់តាំងពីស្គាល់គ្នារួចមក ជនសង្ស័យទាំង២នាក់បានសហការគ្នាដើម្បីទាក់ទងពលរដ្ឋឲ្យទិញវត្ថុក្លែងក្លាយទាំងនោះ ដោយចែកភាគរយគ្នាផងដែរ ។
ក្រោយមក ជនសង្ស័យឈ្មោះ ជេត សាវឿន បានទៅផឹកកាហ្វេនៅម្តុំគល់ស្ពានព្រែកក្តាម ខណៈនោះបានជួប និងឈ្មោះ អឿន ភេទប្រុស ដែលរស់នៅក្នុងភូមិ/ឃុំជាមួយគ្នា ហើយឈ្មោះ អឿន បាននិយាយប្រាប់៖ “មានលោកចៅអធិការវត្តពោធិកំបោ ចង់បានចង្កូមសត្វខ្លានិងកុយរមាស បើមានយកទៅប្រគេនលោកមើលទៅលោកចង់ជាវ” ឮដូច្នេះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង៣០នាទី ឈ្មោះ ជេត សាវឿន បានទៅជួបលោកចៅអធិការព្រះនាម ស៊ុន ហុក ដែលគង់នៅវត្តពោធិកំបោ រួចបានភូតភរកុហកព្រះសង្ឃថាវត្ថុតាំងអស់នេះ គឺជារបស់សុទ្ធល្អ ដែលធ្វើពីសត្វព្រៃ ខណៈនោះព្រះសង្ឃក៏ជឿលើសម្ដីជនសង្ស័យ និងយល់ព្រមជាវ តែវត្ថុទាំងនោះពុំទាន់ឲ្យព្រះសង្ឃនោះទេ ដោយវត្ថុទាំងនោះនៅជនសង្ស័យឈ្មោះ រ៉ូន រ៉សេត ។
លុះមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ជនសង្ស័យឈ្មោះ ជេត សាវឿន បានទៅយកចង្កូមសត្វក្លែងក្លាយចំនួន៣គូរពីឈ្មោះ រ៉ូន រ៉សេត ថាជាចង្កូមសត្វខ្លា ដែលជនសង្ស័យឈ្មោះ រ៉ូន រ៉សេត ដាក់លក់តម្លៃ៤,២០០ដុល្លារសហរដ្ឋអាមេរិក ហើយជនសង្ស័យឈ្មោះ ជេត សាវឿន បានយកចង្កូមសត្វខ្លាក្លែងក្លាយ៣គូរនោះទៅលក់ឲ្យលោកចៅអធិការព្រះនាម ស៊ុន ហុក ក្នុងតម្លៃ៥,០០០ដុល្លារសហរដ្ឋអាមេរិក ដោយជនសង្ស័យឈ្មោះ ជេត សាវឿន បានយកចំណេញពីព្រះសង្ឃចំនួន៨០០ដុល្លារ ។
ក្រោយពីបានប្រាក់រួច ជនសង្ស័យបានយកប្រាក់ចំនួន៤,២០០ដុល្លារសហរដ្ឋអាមេរិកនោះទៅឲ្យជនសង្ស័យឈ្មោះ រ៉ូន រ៉សេត ខណៈនោះឈ្មោះ រ៉ូន រ៉សេត បានដកប្រាក់៣០០ដុល្លារ ឲ្យទៅឈ្មោះ ជេត សាវឿន ថ្លៃឈ្នួលយកទៅលក់ ។
លុះដល់វេលាល្ងាច ថ្ងៃខែឆ្នាំដដែល ព្រះចៅអធិការបានពិនិត្យឃើញថា ចង្កូមខ្លា៣គូរដែលជនសង្ស័យលក់ឲ្យនោះជារបស់ក្លែងក្លាយ ភ្លាមនោះក៏បានតេទូរសព្ទ័ប្រាប់ឈ្មោះ ជេត សាវឿន ថា៖ ចង្កូមសត្វខ្លាដែលយកមកលក់ឲ្យមុនគឺជារបស់ក្លែងក្លាយទេ ហើយឈ្មោះ ជេត សាវឿន ប្រាប់ថា៖ ចាំយករបស់សុទ្ធមកដូរវិញ បន្ទាប់មកឈ្មោះ ជេត សាវឿន តេទូរសព្ទ័ទៅប្រាប់ឈ្មោះ រ៉ូន រ៉សេត ថា៖ យករបស់សុទ្ធមកដូរឲ្យព្រះសង្ឃវិញមក ប៉ុន្តែដោយចាំបាត់
យូរពេក មិនឃើញយករបស់ពិតមកដូរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ព្រះចៅអធិការវត្ដក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះក៏ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងឈ្មោះ ហ៊ឹម ហ៊ី ម្នាក់ទៀត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ