ព័ត៌មានទាន់ហេតុការណ៍៖

បាត់ពីផ្ទះជិត២ថ្ងៃប្រទះឃើញសពនៅក្នុងចម្ការដំឡូងមីដោយសារពស់មានពិសចឹក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញក្នុងចម្ការដំឡូង បន្ទាប់ពីក្រុមគ្រួសារអះអាងថា បានបាត់ពីផ្ទះជាងមួយថ្ងៃមិនដឹងទៅណា ហើយករណីនេះគេសង្ស័យថា ស្លាប់ ដោយពស់ចឹក ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីល្ងាច ថ្ងៃ អង្គារ ៤ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ នៅចំណុចអូរព្រហ៊ូត ស្ថិតក្នុងភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។

សាកសពបុរសនេះត្រូវបានគេស្គាល់ឈ្មោះថាអិត នឿយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល តែបានមកស្នាក់នៅបណ្ដោះអាសន្ន នៅចំណុចកើតហេតុខាងលើធ្វើជាកម្មករដំឡូងមី ។ បុរសនេះបាន បាត់ពីផ្ទះអស់រយ:ពេល១យប់២ថ្ងៃ ហើយ ទើបសមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា អាចស្លាប់ដោយសារសត្វពស់ចឹក ហើយត្រូវបាន អ្នកភូមិទៅចម្ការបានប្រទះឃើញស្លាប់នៅលើស្មៅក្នុងចម្ការដំឡូងក៏បានរាយការណ៍ ទៅអាជ្ញាធរដែនដីតែម្ដង ។

ជុំវិញការស្លាប់បុរសនេះ ប្រពន្ធជនរងគ្រោះឈ្មោះភាន សុផាត អាយុ៣១ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ប្តីគាត់បានចេញពីផ្ទះនៅព្រឹកថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០១៨ តែមិនដឹងទៅណាទេ រហូតដល់យប់ទៅហើយ ក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ ។ គាត់ថា ពេលនោះ បានស្វែងរកប្ដីគ្រប់ទិសទី និងបានសួរនាំគេគ្រប់កន្លែងតែនៅតែគ្មានដំណឹងដដែល។ ក្រោយមកស្រាប់តែមានអ្នកភូមិប្រាប់ថា មានគេប្រទះឃើញសាកសពប្ដីគាត់នៅក្នុងចម្ការធ្វើឲ្យគាត់តក់ស្លុតយ៉ាងខ្លាំង ហើយគាត់ទៅមើលទើបដឹងថាជាសពប្ដីមែន។

សមត្ថកិច្ចឱ្យដឹងទៀតថា មន្ត្រីជំនាញបានចុះទៅពិនិត្យសាកសពជនរងគ្រោះភ្លាមៗដែរ ហើយពេលពិនិត្យនិងធ្វើកោសល្យវិច័យរួចបានឱ្យដឹងថា ឃើញមានស្នាមមុតស្រួចចំបំពង់.កចំនួន២កន្លែង និងមានស្នាមរោលខ្មៅ ព្រមទាំងមានហូរឈាមលើពោះទៀតផង តែមិនមានស្លាកស្នាមអ្វីផ្សេងទៀតគួរឲ្យកត់សម្គាល់ទេ។ដោងលើស្លាកស្នាមនេះ មន្ត្រីជំនាញបានធ្វើការសន្និដ្ឋានជាបឋមថា ជនរងគ្រោះអាចស្លាប់ដោយសារសត្វពស់មានពិសចឹកគ្មានអ្នកណានៅក្បែរជួយទាន់ ព្រោះមានស្នាមចង្កូមខាំ រួចបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖