ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៧និងរបួសជាង៥០នាក់ដោយសារផ្ទុះកាំជ្រួចផ្កាភ្លើងនៅម៉ិចស៊ីកូ

ចែករំលែក៖

មានករណីផ្ទុះកាំជ្រួចផ្កាភ្លើង កើតឡើងនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា នៅព្រះវិហារ San Jose ក្នុងទីក្រុង Tequisquiapan ប្រទេស ម៉ិចស៊ីកូ កាលពីថ្ងៃទី១១ ខែធ្នូ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និងជាង ៥០នាក់រងរបួស ។

ទីក្រុងTequisquiapanមានចម្ងាយពីរដ្ឋធានីម៉ិចស៊ីកូ ប្រមាណ១៤៥គីឡូម៉ែត្រ នៅភាគពាយព្យ ។ ក្នុងចំណោមអ្នកស្លាប់ ៧នាក់ មាន កុមារ អាយុ ១១ឆ្នាំម្នាក់ និង ១២ឆ្នាំម្នាក់ផងដែរ។

លោក Gabriel Bastarracheaមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋ ដែលជាសាសនិក បាននាំគ្នាទិញកាំជ្រួច ជូនដល់ព្រះវិហារដើម្បីរៀបចំធ្វើពិធីបុណ្យ ប៉ុន្តែ មានបញ្ហាអ្វីមួយខុសបច្ចេកទេស បណ្តាលឲ្យ កាំជ្រួចទាំងនោះ ផ្ទុះឆេះ។

នៅក្នុងឃ្លីបវីដីអូ ដែលបានផ្សព្វផ្សាយតាមបណ្តាញ សង្គម បង្ហាញឲ្យឃើញថា ក្បួនព្យុហយាត្រា ឆ្ពោះទៅកាន់ព្រះវិហារ San Jose ក៏ស្រាប់តែ មានការផ្ទុះកើតឡើង បង្កឲ្យមានអណ្តាតភ្លើង ឆាប់ឆេះយ៉ាងខ្លាំង ពលរដ្ឋស្រែកស្លន់ស្លោ និងរត់យករួចខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ ពាក់ព័ន្ធនឹងកាំជ្រួចផ្កាភ្លើង ថ្មីបំផុតកើតឡើងនៅប្រទេសម៉ិចស៊ីកូ គឺកើតឡើងនៅខែកក្កដាកន្លងមក បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ ដោយការផ្ទុះកាំជ្រួចផ្កាភ្លើងនៅភាគកណ្តាលទីក្រុង Tultepec។ នៅខែធ្នូឆ្នាំ២០១៦ នៅទីក្រុងTultepecនោះដែរ ក៏មាន គ្រោះថ្នាក់ដោយសារផ្ទុះកាំជ្រួចផ្កាភ្លើងសម្លាប់មនុស្ស ៤២នាក់ ៕


ចែករំលែក៖