ខេត្តរតនគិរី៖ គោយន្តកែច្នៃមួយគ្រឿងក្រឡាប់ដោយខ្លួនឯងបណ្ដាលឲ្យមនុស្សចំនួន៣នាក់ ដែលជិះលើគោយន្តនោះ រងរបួសយ៉ាងធ្ងន់ធ្ងរ។
គ្រោះថ្នាក់គោយន្តកែឆ្នៃក្រឡាប់ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចភ្នំកាច់ចង្កេះស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាហេតុការណ៍គោយន្តកែឆ្នៃក្រឡាប់នេះ ដំបូងឡើយគេឃើញបើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយសារអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងគាប់ជួនមានបញ្ហាហ្រ្វាំងផងនោះក៏បណ្ដាលឱ្យរេចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវតែម្ដង។
ក្នុងហេតុការណ៍នោះ អ្នកបើកបរគោយន្តឈ្មោះ រិន បញ្ញារ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី (រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង)។ អ្នករួមដំណើទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅដូចគ្នា (រងរបួសធ្ងន់សន្លប់ធំ)។ ទី២ ឈ្មោះនាង ឆេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅដូចគ្នា(រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំ)។ អ្នករងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយកើតហេតុគោយន្តកែច្នៃដែលក្រឡាប់ខាងលើនេះ ត្រូវបានក្រុមគ្រួសារស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ជីវន្ត័