ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន ខណៈដែលរូបគេនិងបក្ខពួកបានធ្វើសកម្មភាពគាស់ទ្វារបន្ទប់ជួលលួចយកម៉ូតូ១គ្រឿងបានសម្រេច ពេលម្ចាស់ចេញទៅធ្វើការបាត់ ហើយរត់គេចខ្លួនបានមួយសប្ដាហ៍ត្រូវសមត្ថកិច្ចក្របួចជាប់ ។
លោក គល់ យី អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចម៉ូតូ ខណៈបក្ខពួក២នាក់ផ្សេងទៀតកំពុងរត់គេចខ្លួនបាត់ ហើយការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី៥កន្លងទៅ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះ ទូច ម៉ាថេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើតហេតុលេខ១៧ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឃាត់ខ្លួនបានក្នុងអំពើលួច មានស្ថានទម្ងន់ទោស មានឈ្មោះ ញ៉ែម ហៃ ហៅហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន។
លោក គល់ យី បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួប៉ុន្មានម៉ោងក្រោយ គេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាពជាមួយបក្ខពួក២នាក់ទៀត ដើម្បីគាស់ទ្វារបន្ទប់លួចយកម៉ូតូ១គ្រឿងម៉ាកហុងដា F-T-R ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ ១CK-4130 ប្រាកដមែន នៅខណៈដែលជនរងគ្រោះចេញទៅធ្វើការបាត់ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ។
បច្ចុប្បន្នជនសង្ស័យ ស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីពិតមែន តែសកម្មភាពរបស់កម្លាំងសមត្ថកិច្ចកំពុងបន្តតាមស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕ អារុណរះ