ខេត្តកោះកុង៖ យោងតាមរបាយការណ៍គណៈកម្មការរៀបចំបុណ្យសមុទ្រ បានឲ្យដឹងថា នៅថ្ងៃទី១នៃពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៧ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់មានលក្ខណៈល្អប្រសើរ ដោយមានការចូលរួមការពារពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យ៉ាងស្អិតល្មួតប្រកបដោយការទទួលខុសត្រូវខ្ពស់។
ចំណែករបាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ បានបញ្ជាក់ដែរថា ជាមួយនឹងស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរនេះ បានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករផងដែរ។សម្រាប់ការងារធ្វើអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន៨២នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។
សូមរំលឹកផងដែរថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕ ប្រាថ្នា