ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូហុងដាវ៉េវមិនប្រកាន់ស្តាំ បុករថយន្តសាំយ៉ុងស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូមិនប្រកាន់ស្តាំ បុកជាមួយរថយន្តម៉ាកសាំយ៉ុង បញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវលេខ៣១៥ ចំណុចភូមិអញ្ចាញ ឃុំពោធិរាជ្យ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហ៊ុល ប៉ូ អាយុ៤៧ឆ្នាំ មុខរបរកសិករ នៅភូមិលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងដោយះម៉ូតូម៉ាកហុងដាវ៉េវពណ៌ក្រហមគ្មានស្លាកលេខខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួន បន្សល់តែរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P6304 នៅនឹងកន្លែង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ក្រហម លើផ្លូវលេខ៣១៥ មិនប្រកាន់ស្ដាំ ពីត្បូងទៅជើង ស្រាប់ពីតែបុកជាមួយរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P6304 ដែលបើកបញ្ច្រាសគ្នា ពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯមធ្យោបាយម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលវាស់វែង និងអូសយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖