ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបជនជាតិចិនបានសម្រេច តែរត់មិនរួច​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាប និងឃាត់ខ្លួនជនសង្សយ័ដែលឆក់កាបូបជនជាតិចិន ។ របាយការណ៍ពីនគរបាលបញ្ជាក់ថា នៅយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុចផ្លូវកែង ប៉ុស្តិ៍នគរបាលទេសចរណ៍ អូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) មួយកើតឡើង ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក អ៊ិចស៊ិចទ័រ ស៊េរីឆ្នាំ២០១៥ ពណ៌ខៀវ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបរបស់ជនរងគ្រោះជាជនជាតិចិន ភេទស្រី ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយលើម៉ូតូដែលចតនៅចិញ្ចើមផ្លូវ ហើយក៏ត្រូវកម្លាំងនគរបាលទេសចរណ៍ឃើញ និងបានផ្សព្វផ្សាយតាមវិទ្យុទាក់ទង ភ្លាមៗនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្ទាក់ដេញចាប់ រហូតដល់មុខរោងចក្រញូវស្តារ ឃ្លាំងលើ ទើបឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់នោះ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះជាជនជាតិចិន ភេទស្រី មិនទាន់មកដាក់ពាក្យបណ្តឹង ។

សម្ភារៈដែលដកហូតបានមាន៖ កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ, កាបូបដៃ ០១ពណ៌ខ្មៅ, លុយដុល្លារ ៣២៣ដុល្លារ ( បីរយម្ភៃបីដុល្លារ ), លុយខ្មែរ ៦,៥០០រៀល ( ប្រាំមួយពាន់ប្រាំរយរៀល ), អត្តសញ្ញាណប័ណ្ណចិន ០១ និងកាត ០២សន្លឹក និង ខ្សែអង្កាំ ០១ខ្សែ ។

ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ កែវ វ៉ែន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់បើកម៉ូតូ ) និង២-ឈ្មោះ ង៉ែត ហុល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំលាវ ឃុំដំណាក់ចង្អើរ ខេត្តកំពត ( ជនដៃដល់ជិះពីក្រោយឆក់ ) ។

វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយចំហៀង ០១ ពណ៌ខ្មៅ, កាបូបដៃ ០១ពណ៌ខ្មៅ, លុយដុល្លារ ៣២៣ដុល្លារ ( បីរយម្ភៃបីដុល្លារ ), លុយខ្មែរ ៦,៥០០រៀល ( ប្រាំមួយពាន់ប្រាំរយរៀល ), អត្តសញ្ញាណប័ណ្ណចិន ០១ និងកាត ០២សន្លឹក, ខ្សែអង្កាំ ០១ខ្សែ និងម៉ូតូ ០១គ្រឿង ម៉ាក អ៊ិចស៊ិចទ័រ ស៊េរីឆ្នាំ២០១៥ ពណ៌ខៀវ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ៣៨២៨៨៣ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។

បច្ចុប្បន្ន ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖