ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយ ក្រោមក្រខ្សែភ្នែកមន្ត្រីជលផលដែលអាជ្ញាធរខេត្តកំពង់ធំធ្វើមិនដឹង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្រុមមន្ត្រីជលផលខេត្ត កំពង់ធំអះអាងថា ដល់រដូវបើកនេសាទ ហើយ ដូច្នេះប្រជាពលរដ្ឋអាចនេសាទត្រី បានដោយសេរី ។ ប៉ុន្តែឧបករណ៍ល្មើស ច្បាប់តែងតែកើតមាន ហើយសមត្ថកិច្ច ជំនាញផ្តេកផ្តួលក្នុងរឿងនេះ ព្រោះតែផល ប្រយោជន៍ ។ ហេតុដូច្នេះហើយបានជា បទល្មើសនៃការប្រើឧបករណ៍នេសាទខុស ច្បាប់កើតមានព្រៀងព្រាតនៅបឹងទន្លេសាប ក្នុងស្រុកកំពង់ស្វាយនៃដែនសមត្ថកិច្ចលោក សៅ វណ្ណសេរីវុទ្ធ នាយសង្កាត់រដ្ឋ បាលជលផលកំពង់ស្វាយ ។

ប្រភពពីប្រជានេសាទជាលក្ខណៈ គ្រួសារក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្ន ជនល្មើសប្រើឧបករណ៍ខុសច្បាប់ ចាប់ត្រីក្នុងបឹងទន្លេសាបនៅតែកើតឡើងយ៉ាងរាលដាលហើយមន្ត្រីរដ្ឋបាលជល ផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនាំគ្នាសម្ងំស្ងៀម មិនចាត់វិធានការបង្ក្រាបបទល្មើសនោះឡើយ។

បទល្មើសខាងលើនេះ ស្ថិតក្នុងដែន សមត្ថកិច្ច និងការទទួលខុសត្រូវរបស់ លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែក រដ្ឋបាលជលផលផាត់សណ្តាយ ។ យ៉ាង ណាក៏ដោយពួកឈ្មួញដែលរកសីុបទ ល្មើសនេសាទអះអាងថា ពួកគេបានបង់ ប្រាក់ឲ្យក្រុមមន្រ្តីជលផលប្រចាំនៅតំបន់ រួមមានលោក សៅ វណ្ណសេរីវុទ្ធ នាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ក៏ដូច ជាលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែក រដ្ឋបាលជលផលផាត់សណ្តាយរួចរាល់ ហើយ ទើបអាចប្រព្រឹត្តល្មើសបាន ។

ឧបករណ៍នេសាទរបាំងណរ៉ាវរាប់ពាន់ម៉ែត្របានដាក់ធ្វើសកម្មភាពពេញត្រៀបត្រាលើផ្ទៃទឹកស្ថិតនៅចំណុចបឹងប្រទះជៀល ភូមិស្តែងខ្ពស់ ឃុំសានគរ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ដោយបទល្មើស ទាំងនេះ ពុំត្រូវបានយកចិត្តទុកដាក់ពី សំណាក់ លោកនាយសង្កាត់ឡើយដែលជាហេតុធ្វើឲ្យមហាជនមានការសង្ស័យថា ប្រហែលជាលោកនាយសង្កាត់មកប្រមូលលាភសក្ការៈដោយមិនខ្វល់ពីការទប់ស្កាត់ឬ បង្ក្រាបបទល្មើសនេសានខុសច្បាប់នេះទេ។

ប្រជានេសាទបានបន្ថែមថា មានឈ្មួញ ជាច្រើនដូចជា ឈ្មោះ រ៉ូ ,ហឿន, គន, អាម៉ង់, ប្រធានសហគមន៍នេសាទឈរចាំប្រមូលទិញត្រី និងជាអ្នករត់ការយកលុយពីអ្នក ប្រព្រឹត្តបទល្មើស មកបង់ឲ្យស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ដូចជា មន្ត្រី ជំនាញរដ្ឋបាលជលផលរួមទាំងអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ (សុំមិនបញ្ចេញឈ្មោះ ជាអ្នកទទួលបន្ទុកកញ្ចប់ថវិកា)។

ប្រជានេសាទ ដែលរស់នៅទីនោះបាន នាំគ្នារអ៊ូរទាំថា ការនេសាទនេះគឺសុទ្ធតែ ពពួកឈ្មួញដែលមានលុយច្រើនសម្រាប់ការបិទមាត់ បិទច្រមុះលោក សៅ វណ្ណ សេរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយ និងអាជ្ញាធរស្រុក កំពង់ស្វាយ ធ្វើឲ្យមន្ត្រីរដ្ឋបាលជលផលអសកម្មភាព ក្នុងការបង្ក្រាបបទល្មើសនេសាទ ។

លោក សៅ វណ្ណសេរីវុទ្ធ នាយសង្កាត់ រដ្ឋបាលជលផលកំពង់ស្វាយត្រូវបាន មហាជនរិះគន់ថា មិនខ្វល់អ្វីនឹងការចុះ ផ្សាយរបស់អ្នកសារព័ត៌មាននោះទេ ។ បើ មេរករឿងខ្លាំងជូនកញ្ចប់លុយដល់ថ្នាក់ ដឹកនាំទៅដោយប្រើប្រាស់រូបភាពយក លុយពីប្រជានេសាទតាមចំនួនកញ្ចប់ និងធ្វើជាលិខិតផាកពិន័យមួយច្បាប់ជូនមេទៅរួចខ្លួនហើយ ។ ចំណែកប្រជានេសាទដែលត្រូវបានរៃអង្គាសលុយនោះខំប្រឹងនេសាទជំនួសលុយដែលបានបង់ទៅវាចប់ រឿងហើយ ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ធំបានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ឃុបឃិត បើក ដៃឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងកំរោល ។
មិនមែនតែស្រុកកំពង់ស្វាយនោះទេ ដែលបទល្មើសនេសាទកើតមាន សូម្បីតែ នៅស្រុកបារាយណ៍ ,ស្រុកសន្ទុក និងស្រុក ប្រាសាទសម្បណ៌ ក្រោមដែនសមត្ថកិច្ច លោកនាយផ្នែក គូ ប៊ុនតឹង ក៏មានបទល្មើស នេសាទកើតព្រោងព្រាតដែរ ។

លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌរដ្ឋ បាលជលផលកំពង់ធំបានអះអាងថា ពេល នេះដល់រដូវបើកន​េសាទ ដូច្នេះប្រជាពល រដ្ឋអាចនេសាទបានហើយ ។ ចំពោះអ្នក ដែលប្រើឧបករណ៍នេសាទខុសច្បាប់យើង ក៏បានចាប់យកមកអប់រំណែនាំជារឿយៗ ដែរ តែវាមិនបានគ្រប់ជ្រុងជ្រោយទេ ។​លោកបន្តថា “យើងចាប់បានច្រើន រក កន្លែងឲ្យមនុស្សស្នាក់នៅគ្មានផង” ។

លោក យ៉ាន់ វីសាក់ ហៅ សែ នាយ សង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ ដែល មានភារកិច្ចត្រួតពិនិត្យមើលបទល្មើស នេសាទក្នុងស្រុកកំពង់ស្វាយ និងស្រុក ស្ទោងអះអាងថា លោកមិនបានចុះពិនិត្យ មើលបទល្មើសនៅស្រុកកំពង់ស្វាយនោះ ទេ ព្រោះជាប់រវល់នៅស្រុកស្ទោង ។
ពួកឈ្មួញនិយាយថា បើគ្មានប្រាក់ឲ្យ លោក សៅ វណ្ណសេរីវុទ្ធ នោះទេ គឺមិន អាចចូលនេសាទបានឡើយ ។ ជាពិសេស នៅពេលនេះតែម្តង ។​ លោក សៅ វណ្ណ សេរីវុទ្ធ មិនអាចសុំបំភ្លឺបានទេ ៕ ប៊ុន រិទ្ធី


ចែករំលែក៖