ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរថ្នាំញៀនសកម្មម្នាក់ត្រូវនគរបាលបង្រ្កាបឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកកោះធំធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្មម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ករណីចាប់ខ្លួនខាងលើធ្វើឡើងនៅវេលាម៉ោង២២និង១០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចនគរបាល ធ្វើការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់ ,ម៉ូតូ១គ្រឿង ,ទូរស័ព្ទដៃ១គ្រឿង ,ប្រាក់រៀលចំនួន៦០០រៀល ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំសំពៅពូន ដែលសមត្ថកិច្ចតាមដាននិងកំណត់ជាយូរមកហើយ ។ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញបានចុះដល់ចំណុចកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យខាងលើបានសារភាពថា ថ្នាំញៀនចំនួន៦កញ្ចប់តូចខាងលើនេះ គឺពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនម្នាក់មិនស្គាល់អត្ដសញ្ញាណ នៅម្តុំទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃ៣០០០០០រៀល ដើម្បីយកមកចែកចាយនិងលក់បន្ដ ៕ ស្អាងជ័យ


ចែករំលែក៖