ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងក.សម្លាប់ខ្លួនសង្ស័យខឹងម្ដាយហាមមិនឲ្យផឹកស្រាពេលយប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់សម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅលើដើមគស្លាប់យ៉ាងអាណោចអាធ័ម សង្ស័យខឹងម្ដាយហាមមិនឲ្យផឹកស្រានៅពេលយប់ ។ ករណីចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន មករា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា យោងតាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ គា លន់ ត្រូវជាម្ដាយបង្កើតជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ១១ ថ្ងែទី១៧ ខែធ្នូ ឆ្នាំ២០១៨ រូបគាត់បានណែនាំកូនគាត់(ជនរងគ្រោះ) ហាមផឹកស៊ីពេលយប់ប្រយ័ត្ន ព្រោះរូបគាត់បារម្ភកូនខ្លាចដើរផ្លូវមិនល្អ ព្រោះជនរងគ្រោះជាកូនជិតទៅនៅប្រទេសថៃវិញហើយ ។ ដោយឮម្ដាយណែនាំ និងហាមដូច្នោះ ជនរងគ្រោះជាកូនបានតបជាមួយម្ដាយវិញថា ម៉ែកុំបន្ទោសខ្ញុំច្រើនពេក ខ្ញុំផឹកតែស្រាទេ ខណៈនោះជនរងគ្រោះបានមកអង្គុយហូបបាយតែម្នាក់ឯង រួចក៏ដើរចេញទៅខាងក្រោយផ្ទះបាត់ ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែគេប្រទះឃើញជនរងគ្រោះបានចងក.ស្លាប់នៅលើដើមគខាងក្រោយផ្ទះ បានបង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់នគរបាលជំនាញបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖