ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនមេការ៣នាក់ ទៅតុលាការ ពាក់ព័ន្ធបើកល្បែងសុីសងខុសច្បាប់ ហ្គេមបាញ់ត្រី

ចែករំលែក៖

ភ្នំពេញ ៖ នៅ​រសៀលថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជូនខ្លួនមេការ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយជាប់ពាក់ព័ន្ធករណីល្បែងសុីសងខុសច្បាប់ ហ្គេមបាញ់ត្រី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីសង្ស័យទាំង៣នាក់នោះ ; ទី១.ឈ្មោះ ជិន ស្រីមុំ ភេទស្រី អាយុ ៣៣ ឆ្នាំមុខរបរ អ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួល ផ្លូវមិនចាំលេខ សង្កាត់វាលវង់ ខណ្ឌ៧មករា ; ទី២.ឈ្មោះ ខៀវ ចាន់នឿន ភេទស្រី អាយុ៣៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង ទី៣.ឈ្មោះ យឹម ស្រីប៉ុច ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្នាក់នៅ ផ្ទះជួល ផ្លូវមិនចាំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តទៀតថា មុនពេលឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ គឺកាលពីព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ប៊ុន សត្យា ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(ហ្គេមបាញ់ត្រី) ដុះស្លែមួយកន្លែង ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។ក្រោយប្រតិបត្តិការរួច ជាលទ្ធផលចាប់ឃាត់ខ្លួនមេការ៣នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចមាន ៖ ទូហ្គេមបៀរចំនួន ២ ទូ ទូហ្គេមបាញ់ត្រី១ ទូ ។

បច្ចុប្បន្ន នៅ​រសៀលថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងប្រព្រឹត្តបទល្មើសខុសច្បាប់ខាងលើនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖