ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាចោរជំនាញលួចកញ្ចក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាចោរជំនាញលួចកញ្ចក់រថយន្ត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចគាស់យកកញ្ចក់រថយន្តម៉ាកឡិចស៊ីស RX 330 កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៨ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២F ផ្លូវលេខ២១៨ ក្រុមទី៣៤ ភូមិ១៣ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុិត វុទ្ធី ហៅ ឆាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងព្រួល ឃុំបឹងព្រួល ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាល់ សារិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធាននាយកដ្ឋានអធិការកិច្ច ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ២២F ផ្លូវលេខ២១៨ ក្រុមទី៣៤ ភូមិ១៣ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាក លេខ ភព1ជ-6520 និងកាបូបពណ៌ខ្មៅមួយម៉ាក Masster ក្នុងនោះមាន ពិលសំរាប់ពាក់ក្បាលចំនួន០១ (ជារបស់ជនសង្ស័យធ្វើ សកម្មភាព) , កញ្ចក់រថយន្តសំរាប់មើលក្រោយម៉ាកឡិចស៊ីស RX 330 ចំហៀងខាងឆ្វេងចំនួន០១ (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាព លួច) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំដោយមានការឯកភាពពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៧យប់ ជនរងគ្រោះឈ្មោះ ប៉ាល់ សារិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 330 ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2AQ – 5356 របស់ខ្លួនមកចតនៅមុខផ្ទះខ្លួន (កន្លែងកើតហេតុ) រួចហើយជនរងគ្រោះក៏ចូលទៅក្នុងផ្ទះដើម្បីសំរាកលង់លក់ទៅ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៦និង៣០នាទីព្រឹក ជនរងគ្រោះក៏បានដើរចេញពីក្នុងផ្ទះមកមើលរថយន្ត ស្រាប់តែបានឃើញជនសង្ស័យឈ្មោះ អុិត វុទ្ធី ហៅ ឆាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ចេញពីខាងក្រោយរថយន្តរបស់ខ្លួន ដោយមានការសង្ស័យជនរងគ្រោះក៏បានហៅជនសង្ស័យរូបនេះឲ្យឈប់ រួចហើយជនរងគ្រោះក៏បានក្រឡេកមើលកញ្ចក់ឡានសំរាប់មើលក្រោយចំហៀងឆ្វេងស្រាប់តែបាត់ ភ្លាមនោះជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្បែរនោះ ក៏ដេញចាប់ខ្លួនជនសង្ស័យឈ្មោះ អុិត វុទ្ធី ហៅ ឆាន និងចាប់យកវត្ថុតាង កញ្ចក់រថយន្តសំរាប់មើលក្រោយម៉ាកឡិចស៊ីស RX 330 ចំហៀងខាងឆ្វេងចំនួន០១ រួចយកជនសង្ស័យរូបនេះយកមកប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានយកទឹកនោមជនសង្ស័យឈ្មោះ អុិត វុទ្ធី ហៅ ឆាន មកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមនីតិវិធី ៕ ស តារា


ចែករំលែក៖